(កូរ៉េ)៖ ខ្សែភាពយន្តភាគ «Squid Game 2» ដែលជារឿងតពីវគ្គ១ ផ្ទុះខ្លាំងលើ Netflix ក្នុងឆ្នាំ២០២១ នោះ ត្រូវបានរាយការណ៍មកថា បានជួបរឿងចម្រូងចម្រាស់មួយចំនួន នៅពេលក្រុមការងារផលិតរឿងនេះ ទៅថតនៅក្នុងអាកាសយាន្តដ្ឋាន Incheon ព្រោះមានអ្នកដំណើរមួយចំនួន បានរិះគន់ពីអាកប្បកិរិយាមិនសមរម្យរបស់ក្រុមការងារថតរឿងនេះ។ នេះបើតាមការចេញផ្សាយដោយសារព័ត៌មាន Straits Times នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។

នៅថ្ងៃអង្គារ៍សប្តាហ៍នេះ អ្នកលេងបណ្តាញសង្គមម្នាក់ ដែលជាអ្នកដំណើរនៅក្នុងអាកាសយាន្តដ្ឋាន Incheon បានបង្ហោះសាររិះគន់មួយចំនួន អំពីក្រុមការងារផលិតរឿង «Squid Game 2» ថាមានអាកប្បកិរិយាមិនសម នៅពេលប្រើប្រាស់ជណ្តើរយន្តរួមគ្នា មិនមានការគោរពជាដើម។ តែយ៉ាងណា ក្រោយទទួលបានសាររិះគន់នេះ អ្នកផលិតរឿង បានចេញមុខបង្ហោះសារសុំការយោគយល់ និងអធ្យាស្រ័យចំពោះកំហុកឆ្គងនៃក្រុមការងាររបស់ខ្លួន។

គួរជម្រាបថារឿង «Squid Game» ដើមបានចាក់ផ្សាយក្នុងខែកញ្ញា ឆ្នាំ២០២១ ហើយបានបន្តក្លាយជារឿងភាគដែលមានអ្នកមើលច្រើនបំផុតនៅលើ Netflix។  រឿង «Squid Game» វគ្គ២ គ្រោងនឹងថតនៅឆ្នាំ២០២៣ ដោយតារាសម្តែង Lee Jung Jae បានចុះកុងត្រាជាមួយអង្គភាពផលិតភាពយន្ត Hwang Dong Hyuk សម្រាប់រដូវកាលទី២នេះ បន្ទាប់ពីវគ្គទី១ជោគជ័យខ្លាំង ស្ទើរនឹកស្មានមិនដល់៕