(មីឡាន)៖ ខ្សែប្រយុទ្ធអន្តរជាតិអាមេរិក Christian Pulisic បានសម្រេចការផ្ទេរទៅកាន់ក្លិបអ៉ីតាលី AC Milan ជាផ្លូវការហើយ ក្រោមតម្លៃខ្លួន ២០លានផោនពីក្លិបតោខៀវ Chelsea នាថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។

ក្នុងការចូលរួមលេងនៅក្របខណ្ឌ Serie A ប្រធានក្រុមអាមេរិក វ័យ ២៤ឆ្នាំខាងលើនេះ បានព្រមព្រៀងចុះកិច្ចសន្យារយៈពេល ៤ឆ្នាំនៅទឹកដី San Siro ជាមួយនឹងជម្រើសបន្តបាន ១ឆ្នាំទៀតផងដែរ ដ្បិតកិច្ចសន្យាចាស់ជាមួយក្លិបអង់គ្លេស Chelsea នៅសល់រយៈពេល ១រដូវកាលទៀតក៏ដោយ។

ទន្ទឹមគ្នានោះផងដែរ Pulisic ដែលពាក់លេខ១០ នៅតោខៀវ ក៏បានចូលហ្វឹកហាត់ថ្ងៃដំបូងជាមួយ AC Milan ដែរ ដើម្បីស្គាល់មិត្តរួមក្រុមថ្មី និងគ្រូបង្វឹកលោក Stefano Pioli ទៀតផង និងបានជួបជុំមិត្តចាស់នៅអង់គ្លេស Ruben Loftus-Cheek ដែលធ្លាប់លេងជាមួយគ្នាកាលនៅ Chelsea។

អតីតកីឡាករក្លិបអាល្លឺម៉ង់ Borussia Dortmund ដែលត្រូវបាន Chelsea ទិញមករួមក្រុមកាលឆ្នាំ២០១៩ បានថ្លែងក្នុងសនិ្នសីទបង្ហាញខ្លួនជាផ្លូវការថា «វាមានការលំបាកណាស់ដែរជាមួយ Chelsea ក្នុងរយៈពេលចុងក្រោយនេះ ក្នុងការស្វែងរកឱកាសលេង។ សម្រាប់ខ្ញុំនាពេលនេះ វាជាឱកាសដ៏អស្ចារ្យមួយក្នុងការចាកចេញ ដើម្បីចាប់យកការប្រកួតប្រជែងថ្មី និងលេងក្នុងក្រុមធំបែបនេះ»៕