(ភ្នំពេញ)៖ ក្រុមកីឡាអេឡិចត្រូនិច (E-Sports) ជម្រើសជាតិកម្ពុជា បានបញ្ចប់ការប្រកួតកម្រិតអាស៊ី IESF Asian Championship 2023 លើវិញ្ញាសា MLBB ហើយ ក្រោយចំណាយពេល ១សប្ដាហ៍នៅទីក្រុង Riyadh ប្រទេសអារ៉ាប៊ីសាអូឌីត ដោយទទួលបានចំណាត់ថ្នាក់លេខ៣ (មេដាយសំរឹទ្ធ)។

បេសកកម្មពីថ្ងៃទី០៨-១៤ ខែកក្កដានេះ ក្រុមអ្នកចម្បាំងអង្គររបស់កម្ពុជា បានបញ្ចប់ការប្រកួតក្នុងពូល A ដោយឈរលេខ២ បន្ទាប់ពីឆ្លងកាត់ ៣ប្រកួត ដោយឈ្នះ២ រួមមានឈ្នះក្រុមជម្រើសជាតិអារ៉ាប់រួម និងក្រុមនេប៉ាល់ ក្នុងលទ្ធផល ២-០ ដូចគ្នា តែចាញ់ក្រុមជម្រើសជាតិម៉ុងហ្គោលី ២-០។

ឈានដល់វគ្គខ្វែង (Upper Bracket) ក្រុមជម្រើសជាតិកម្ពុជា បានចាញ់ជម្រើសជាតិហ្វីលីពីន ២-០ តែក្រុម E-Sports កម្ពុជា នៅតែអាចឡើងទៅវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ បន្ទាប់ពីយកឈ្នះក្រុមកាហ្សាក់ស្ថាន ២-០ ក្នុងវគ្គ Lower Bracket។ ប៉ុន្ដែសោកស្ដាយក្នុងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ កម្ពុជាបានចាញ់ម៉ុងហ្គោលី ទាំងប្រផិតប្រផើយ ២-១ ដែលនាំឲ្យក្រុមអ្នកចម្បាំងអង្គរ ទទួលបានត្រឹមចំណាត់ថ្នាក់លេខ៣ អមដោយប្រាក់រង្វាន់ ២ពាន់ដុល្លារ។

ដោយឡែកក្រុមជើងឯក បានទៅជម្រើសជាតិហ្វីលីពីន បន្ទាប់ពីពួកគេបានយកឈ្នះក្រុមម៉ុងហ្គោលី ៣-០ ក្នុងវគ្គផ្ដាច់ព្រ័ត្រកាលពីយប់មិញ។ ជយលាភីនេះដែរ សម្រាប់ក្រុមជើងឯក ទទួលបានប្រាក់រង្វាន់ ៧ពាន់ដុល្លារ ខណៈជើងឯករង គឺក្រុមម៉ុងហ្គោលី ទទួលបានប្រាក់រង្វាន់ ៣,៥០០ដុល្លារ។

គួរដឹងថា ការប្រកួត IESF Asian Championship 2023 គឺជាផ្នែកមួយ នៃការប្រកួតជម្រុះដណ្ដើមកៅអីព្រឹត្តិការណ៍ពិភពលោក IESF World Esport Championships 2023 លើកទី១៥ ខណៈក្រុម E-Sports កម្ពុជាខាងលើ ក្នុងនាមក្រុមលេខ២ ក្នុងពូល ក៏ទទួលបានកៅអីជុំផ្ដាច់ព្រ័ត្រនៃព្រឹត្តិការណ៍ពិភពលោក ដែលគ្រោងធ្វើការប្រកួតនៅប្រទេសរ៉ូម៉ានី ចាប់ពីថ្ងៃទី២៥ ខែសីហា ដល់ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៣ ខាងមុខផងដែរ៕