(ភ្នំពេញ)៖ ក្លិបបាល់ទាត់ភ្នំពេញក្រោន បានបញ្ចប់ការប្រកួតលក្ខណៈមិត្តភាពអន្តរជាតិ Pre-Season នៅប្រទេសថៃហើយ ដោយមិនស្គាល់ពាក្យចាញ់សោះ ក្រោយឆ្លងកាត់ ៤ប្រកួត ដោយឈ្នះ២ និងស្មើ២ ដើម្បីត្រៀមរដូវកាលថ្មីនៃពានរង្វាន់ Cambodian Premier League 2023/24 និងវគ្គជម្រុះពានរង្វាន់ AFC Cup 2023 នាពេលខាងមុខ។

ក្នុងចំណោម ៤ប្រកួតរបស់ក្រុមជើងឯកលីគកំពូលកម្ពុជាខាងលើ គឺបានយកឈ្នះក្រុមលីគទី២ របស់ថៃ Suphanburi FC ៣-០ មុនប្រកួតស្មើក្រុមលីគកំពូលថៃ Port FC ដែលជាបេក្ខភាពវគ្គជម្រុះពាន AFC Champions League ដោយលទ្ធផល ១-១។ បន្ទាប់មកភ្នំពេញក្រោន បានបន្ដប្រកួតស្មើបេក្ខភាពវគ្គជម្រុះពាន AFC Champions League គឺក្រុម Hong Kong Ranger មកពីហុងកុងទៀត ក្នុងលទ្ធផល ០-០ មុនយកឈ្នះក្រុម Pattaya United របស់ថៃ ៤-២ កាលពីម្សិលមិញ។

លទ្ធផលខាងលើបានធ្វើឲ្យអ្នកគាំទ្រលើកសរសើរពីការត្រៀមខ្លួនបានយ៉ាងល្អរបស់ក្រុមសិង្ហក្រហម សម្រាប់ការប្រកួត Pre-Season ក្រៅប្រទេសលើកទី២ របស់ខ្លួន បន្ទាប់ពីក្រុមជើងឯកលីគកំពូលកម្ពុជា ៨សម័យនេះ បានប្រកួតមិត្តភាពជាមួយក្រុមលីគកំពូលឥណ្ឌូនេស៊ី PSIS Semarang FC ដោយបញ្ចប់ក្នុងលទ្ធផលស្មើគ្នា ២-២ ចំពោះមុខអ្នកគាំទ្ររាប់ម៉ឺននាក់កាលពីចុងខែមិថុនាកន្លងទៅ មុនបំពេញបេសកកម្មក្នុងការប្រកួតផ្លូវការទាំង២ ខាងលើនាពេលឆាប់ៗខាងមុខ។

គួរដឹងថា ភ្នំពេញក្រោន នឹងត្រូវបើកទ្វារផ្ទះទទួលក្រុមបឹងកេតមុនគេ ក្នុងរដូវកាលថ្មី នៃពានរង្វាន់ Cambodian Premier League 2023/24 នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៣ ខណៈជាង ១សប្ដាហ៍ក្រោយ ពួកគេនឹងត្រូវជួបក្រុមជើងឯកលីគកំពូលឡាវ Young Elephants FC ក្នុងវគ្គជម្រុះ Preliminary Stage នៃពានរង្វាន់ AFC Cup 2023 ដើម្បីប្រជែងកៅអីវគ្គបន្ដក្នុងពានរង្វាន់កម្រិតទី២ ប្រចាំទ្វីបអាស៊ីមួយនេះនាថ្ងៃទី១៦ ខែសីហា ឆ្នាំ២០២៣ ខាងមុខ៕