(រីយ៉ាដ)៖ ក្លិបអារ៉ាប៊ីសាអូឌីត Al-Nassr លេងនៅលីគ Saudi Pro League ត្រូវបានរងការហាមឃាត់ ពីការនាំយកកីឡាករថ្មី ដោយសារបំណុលដែលនៅសេសសល់ មិនទាន់បានសងរួច។ នេះបើតាមការឲ្យដឹងពីស្ថាប័ន FIFA ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។

Al-Nassr ដែលបានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី២ ក្នុងលីគ កាលពីរដូវកាលមុន ក្រោយពីការចុះកិច្ចសន្យានាំយកប្រធានក្រុមជម្រើសជាតិព័រទុយហ្គាល់ Cristiano Ronaldo កាលពីខែមករានោះ, បានបន្តចុះកិច្ចសន្យានាំយកខ្សែបម្រើសញ្ជាតិក្រូអាត Marcelo Brozovic មកពីក្លិប Inter Milan កាលពីដើមខែនេះ។

ការប្រកួតបន្ទាប់របស់ក្លិប Al-Nassr នឹងត្រូវប្រកួតទល់នឹងក្លិបព័រទុយហ្គាល់ SC Farense ជាការប្រកួតមិត្តភាពនៅថ្ងៃទី១៥ ខែកក្កដាចុងសប្តាហ៍នេះ។

បើតាមអ្នកនាំពាក្យ FIFA មួយរូបបានប្រាប់សារព័ត៌មាន Reuters នៅថ្ងៃព្រហស្បតិ៍ «ក្លិប Al-Nassr បច្ចុប្បន្ន ត្រូវបានហាមឃាត់ពីការចុះបញ្ជីនាំយកកីឡាករថ្មី ដោយសារតែបញ្ហាបំណុល ដែលនៅសេសសល់» ហើយការហាមឃាត់នេះ នឹងត្រូវដកវិញចេញភ្លាមៗ នៅពេលដែលការដោះស្រាយបំណុល ត្រូវបានបញ្ជាក់ដោយម្ចាស់បំណុល ដែលពាក់ព័ន្ធ»

យោងតាមរបាយការណ៍ បំណុលដែលនៅសេសសល់នោះ គឺជាប់ពាក់ព័ន្ធនឹងការផ្ទេរយកខ្សែប្រយុទ្ធនីហ្សេរីយ៉ា Ahmed Musa មកពីក្លិបអង់គ្លេស Leicester City ក្នុងឆ្នាំ២០១៨។

ស្ថិតក្នុងច្បាប់មួយក្នុងខែតុលា ឆ្នាំ២០២១ សហព័ន្ធ FIFA បានឲ្យដឹងថា ក្លិប Al-Nassr នៅតែត្រូវបង់ប្រាក់សរុប ៤៦០,០០០អឺរ៉ូ (៥១៣,៥៤៤ដុល្លារ) ឲ្យទៅក្លិប Leicester City សម្រាប់ការចុះកិច្ចសន្យានាំយកកីឡាករ Musa ដែលលេងបាន ៦២ប្រកួត សម្រាប់ក្លិបអារ៉ាប៊ីសាអូឌីតនេះ នៅគ្រប់ការប្រកួតទាំងអស់ ដោយរកគ្រាប់បាល់បាន ១៤គ្រាប់ មុនពេលចាកចេញក្នុងឆ្នាំ២០២០៕