(ឡុងដ៏)៖ ក្លិប Everton បានចុះកិច្ចសន្យានាំយកអតីតខ្សែការពារអង់គ្លេស Ashley Young លើកិច្ចព្រមព្រៀងរយៈពេល ១ឆ្នាំ។ នេះបើតាមការប្រកាសពីក្លិប ហើយត្រូវបានចុះផ្សាយ ដោយសារព័ត៌មាន CNA នៅថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០២៣។

Young ដែលធ្លាប់លេងឲ្យក្លិប Manchester United អស់រយៈពេល ៩ឆ្នាំនោះ នឹងបំពេញបន្ថែមនូវបទពិសោធន៍ចំពោះក្រុមរបស់អ្នកចាត់ការ Sean Dyche ដែលកីឡាកររូបនេះធ្លាប់ឈ្នះពានរង្វាន់ Premier League, Serie A, Europa League, FA Cup និងពានរង្វាន់ League Cup។

កីឡាករវ័យ ៣៨ឆ្នាំរូបនេះ បានផ្លាស់ទៅលេងឲ្យក្លិប Inter Milan ក្នុងឆ្នាំ២០២០ ដែលបានក្លាយជាកីឡាករអង់គ្លេសទី៣ បានឈ្នះពានរង្វាន់លីគកំពូលរបស់អ៊ីតាល ខណៈរូបគេបានលេង ២រដូវកាលមុន នៅឯក្លិប Aston Villa ដែលជាក្លិបមិនបានបន្តកិច្ចសន្យាថ្មីជាមួយលោក នៅពេលដែលវាបានផុតកំណត់កាលពីខែមុន។

Young បានបង្ហាញខ្លួន ៤២២លើក ក្នុងក្របខណ្ឌ Premier League និងជាប់លំដាប់ថ្នាក់ទី១៥ ក្នុងការជួយបញ្ជូនគ្រាប់បាល់ (Assists) ឲ្យមិត្តរួមក្រុមរកគ្រាប់បាល់បានច្រើនជាងគេចំនួន ៧១លើក។

សូមជម្រាបថា ក្លិប Everton បានបញ្ចប់ក្នុងចំណាត់ថ្នាក់ទី១៧ នៃលីគ Premier League កាលពីរដូវកាលមុនមានត្រឹមលើស ១ពិន្ទុលើតំបន់កាត់ចោល៕