(អាមេរិក)៖ ស្ទូឌីយោភាពយន្ត និងទូរទស្សន៍ធំៗរបស់ហូលីវូដ និងសហជីពតំណាងឲ្យតារាសម្តែងចំនួន ១៦០,០០០នាក់ បានចូលរួមក្នុងកិច្ចពិភាក្សាចុងក្រោយ នៅថ្ងៃពុធសប្តាហ៍នេះ ទាំងពាក់កណ្តាលអាធ្រាត្រ ដើម្បីព្យាយាមជៀសវាងកូដកម្មលើកទីពីរ នៅក្នុងវិស័យកម្សាន្ត ត្បិតមិនទាន់ស្វែងរកចំណុចឯកភាពគ្នាបាន ចំពោះកុងត្រាថ្មី។ នេះបើតាមការចេញផ្សាយ ដោយសារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។

SAG-AFTRA ដែលជាសហជីពដ៏ធំបំផុតរបស់ហូលីវូដ កំពុងទាមទារឲ្យមានការកែសម្រួលកុងត្រាថ្មី នៅក្នុងយុគសម័យថ្មីនេះ បូករួមទាំងការការពារជុំវិញការប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI)។ សមាជិកនៃក្រុមហូលីវូដ បានអនុញ្ញាតឲ្យធ្វើកូដកម្ម ប្រសិនបើការចរចាមិនអាចឈានដល់កិច្ចព្រមព្រៀងមួយ ខណៈតារាមួយចំនួន ត្រូវបានរាយការណ៍មកថា មានគម្រោងដើរចេញពីការងារ ប្រសិនបើការចរចាមិនបានសម្រេច។ ជាក់ស្តែង នៅថ្ងៃអង្គារសប្តាហ៍នេះ អ្នកចរចាតំណាងសហជីព SAG-AFTRA បានយល់ព្រមលើសំណើស្ទូឌីយោ ដើម្បីហៅទៅកាន់អ្នកសម្របសម្រួលសហព័ន្ធ។ ប៉ុន្តែសហជីពបាននិយាយថា តំណាងស្ទូឌីយោបាន «រំលោភលើទំនុកចិត្តរបស់យើង» ជាមួយនឹងការលេចធ្លាយដល់ប្រព័ន្ធផ្សព្វផ្សាយ ហើយវានឹងមិនហួសពីកាលបរិច្ឆេទកំណត់នៅយប់ថ្ងៃពុធទេ។

គួរជម្រាបថា ក្នុងវិស័យហូលីវូដ គឺមានការធ្វើកូដកម្មរយៈពេល២ដង ចាប់តាំងពីឆ្នាំ១៩៦០ ខណៈកូដកម្មដែលមិនទាន់បញ្ចប់នៅឆ្នាំ២០២៣នេះ គឺខាងអ្នកនិពន្ធភាពយន្ត និងតារាភាពយន្ត បានស្នើដំឡើងប្រាក់ឈ្នួល និងឲ្យមានការការពារ ជុំវិញការប្រើប្រាស់រូបថតរបស់តារាសម្តែង នៅក្នុងបច្ចេកវិទ្យា AI ដោយគ្មានការអនុញ្ញាតនៅក្នុងកុងត្រាថ្មី៕