(បរទេស)៖ បន្ទាប់ពីរយៈពេលជាង ៣ខែដែលកំពូលមហាសេដ្ឋីលំដាប់ពិភពលោក Elon Musk បង្ហើបថា នឹងចាប់ផ្តើមបង្កើតកម្មវិធី AI ផ្ទាល់ខ្លួនដែលជាកម្មវិធីផ្តល់ទិន្នន័យពិត ពេលនេះ Musk បានប្រកាសចេញក្រុមហ៊ុននោះជាផ្លូវការហើយ ដែលមានឈ្មោះថា xAI។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។

កាលពីខែមេសាកន្លងទៅ Musk ធ្លាប់បានលើកឡើងថា លោកនឹងចាប់ផ្តើមបង្កើតកម្មវិធី TruthGPT ឬ AI ផ្ទាល់ខ្លួន ដែលកម្មវិធីរបស់លោកនឹងផ្តល់តែទិន្នន័យពិតជាអតិបរិមាដល់អ្នកប្រើប្រាស់ បើធៀបនឹង AI ដែលកំពុងដំណើរការបច្ចុប្បន្ន។

Musk ត្រូវបានគេស្គាល់ថាជាអ្នកដែលផ្តើមគំនិតអភិវឌ្ឍន៍ AI ដំបូងគេជាមួយនឹង Microsoft ទៅលើក្រុមហ៊ុន OpenAI ប៉ុន្តែក្រោយមានបញ្ហាក្នុងអំឡុងឆ្នាំ២០១៨ លោកក៏លាឈប់ពីក្រុមប្រឹក្សាភិបាលនៅទីនោះ។ ដោយឡែកកាលពីពេលថ្មីៗនេះ Musk ក៏បានអំពាវនាវឱ្យមានការរឹតបន្តឹងទៅលើការប្រើប្រាស់ AI ផងដែរ ដោយលើកឡើងពីបញ្ហាមនុស្សជាតិ ដែលអាចធ្វើឱ្យអ្នកប្រើប្រាស់ជុំវិញពិភពលោកមិនអាចបែងចែកដាច់រវាងរូបភាពពិត ឬប្រឌិត និងទិន្នន័យមិនពិតមួយចំនួននៅលើ AI។

តែយ៉ាងណាជុំវិញការដាក់ដំណើរការកម្មវិធី AI ផ្ទាល់ខ្លួនរបស់ Musk ដែលមានឈ្មោះថា xAI នេះត្រូវបានលោក គូសបញ្ជាក់ច្បាស់ៗថានឹងផ្តល់ «ទិន្នន័យ និងព័ត៌មានពិត» ជាអតិបរិមា និងព្យាយាមពង្រឹងលុបបំបាត់ព័ត៌មានក្លែងក្លាយដែលប៉ះពាល់ដល់មនុស្សជាតិ។ យោងតាមគេហទំព័រ xAI បានបង្ហោះថា នឹងរៀបចំព្រឹត្តិការណ៍ Twitter Spaces នៅថ្ងៃទី១៤ ខែកក្កដានេះ ដូច្នេះមានន័យថា xAI ទំនងជាដាក់ឱ្យប្រើប្រាស់ជាផ្លូវការនៅថ្ងៃស្អែកនេះហើយ។

គួរជម្រាបដែរថា ក្រុមហ៊ុន xAI មានការចូលរួមបង្កើតពីបុគ្គលបច្ចេកវិទ្យាខ្លាំងៗជាច្រើនរូប ក្នុងនោះរួមមានលោក Igor Babuschkin អតីតវិស្វករកំពូលនៅ DeepMind របស់ Google លោក Tony Wu និងលោក Christian Szegedy ត្រូវបានគេបញ្ជាក់ថាកំពុងធ្វើការនៅ Google បច្ចុប្បន្ន និងលោក Greg Yang អតីតបុគ្គលិកនៅ Microsoft ជាមួយការធ្វើបច្ចុប្បន្នភាពនៅលើប្រវត្តិរូបថ្មីៗនេះលោកមានតួនាទីជា cofounder នៅ xAI៕