(ក្រុងឡុងដ៍)៖ បាល់ទាត់ គឺជាវិស័យឧស្សាហកម្មគ្មានផ្សែង ដែលអាចរកចំណូលបានរាប់ពាន់លានដុល្លារ ក្នុងរយៈពេល ១០ឆ្នាំខាងមុខ។ នេះបើយោងតាមការលើកឡើងរបស់នាង Karen Carney អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងកីឡា។

នាងបានធ្វើការវិភាគ និងលើកឡើង ៨ចំណុចសំខាន់ប្រាប់គេហទំព័រកីឡា BBC ដែលអាចរុញក្រុមបាល់ទាត់ស្រ្តីនៅអង់គ្លេស អាចទាញយកចំណូលបានរាប់ពាន់លានដុល្លារខាងមុខ ដ្បិតការប្រកួតបាល់ទាត់ស្រ្តីក្នុងប្រទេសអឺរ៉ុបមួយនេះ បានកំពុងមានអ្នកចូលរួមទស្សនាកើនឡើង ក្នុងប្រកួតលក្ខណៈអាជីពនាពេលបច្ចុប្បន្ន។

នៅក្នុងរបាយការណ៍ដែលមានដល់ទៅ ១២៦ទំព័ររបស់នាង Carney បានបញ្ជាក់ថា «ការប្រកួតបាល់ទាត់ទាំង ២ក្របខណ្ឌនៅអង់គ្លេស ពោរពេញទៅដោយលក្ខណៈអាជីព នោះគឺជាអ្វីដែលពួកយើងបានធ្វើ និងបន្តគាំទ្រខ្លាំងឡើងទៀត។ បណ្តាម្ចាស់ឧបត្ថម្ភ ប្រព័ន្ធផ្សព្វផ្សាយ និងសហព័ន្ធ FA សុទ្ធតែមានទំនួលខុសត្រូវក្នុងការវិនិយោគ ដើម្បីឲ្យរាល់ការប្រកួតនីមួយៗឈានទៅមុខមួយកម្រិតទៀត»

បើយោងតាមរបាយការណ៍ដែលចេញផ្សាយដោយ Deloitte នាពេលថ្មីៗនេះបានឲ្យដឹងថា ក្របខណ្ឌបាល់ទាត់លីគស្រ្តី Women’s Super League មានការកើនឡើងប្រាក់ចំណូល ៦០% នារដូវកាលឆ្នាំ២០២១-២០២២ ជាឆ្នាំដែលស្រ្តីអង់គ្លេសឈ្នះពានជើងឯកស្រ្តីប្រចាំទ្វីបអឺរ៉ុប Euro 2022 ក្នុងដីរបស់ខ្លួន។

កត្តា ៨ចំណុចដែលអាចឲ្យបាល់ទាត់ស្រ្តីអង់គ្លេស បន្តវិវត្តន៍ និងរកចំណូលបានច្រើនរួមមាន៖
១៖ បង្កើតស្តង់ដារឈានមុខគ្រប់ការប្រកួត ទាំងកីឡាករ បុគ្គលិក និងអ្នកគាំទ្រ
២៖ ស្រូបទាញអ្នកមានទេពកោសល្យយកមកអភិវឌ្ឍន៍បន្ថែម ដើម្បីក្រុមតោកំណាចទៅថ្ងៃអនាគត
៣៖ ការអភិវឌ្ឍន៍កីឡាករ និងធ្វើឲ្យទាក់ទាញជាលក្ខណៈសកល
៤៖ បំពេញចន្លោះខ្វះខាតសម្រាប់ស្រ្តីទាំងក្នុង និងក្រៅទីលាន
៥៖ សហព័ន្ធគ្រប់គ្រង ត្រូវធ្វើការជាមួយប្រព័ន្ធផ្សព្វផ្សាយ ដើម្បីបង្កើតពេលវេលាជាក់លាក់
៦៖ កាត់បន្ថយសម្ពាធសម្រាប់អ្នកគាំទ្រ
៧៖ ផ្តល់ឱកាសដល់ស្រ្តីក្នុងការលេងកីឡា នៅតាមសាលារៀន
៨៖ បន្ថែមការវិនិយោគ សម្ភារៈបរិក្ខា ដើម្បីភាពងាយស្រួលក្នុងការលេងកីឡាដល់ស្រ្តី៕