(កូរ៉េ)៖ យោងតាមទិន្នន័យផ្លូវការ ទើបតែបង្ហាញបានឲ្យដឹងថា ចំណែកទីផ្សារនៃវិស័យភាពយន្តកូរ៉េ ទទួលបានចំណូលកើនឡើងដល់ ៦៥ភាគរយ នៅក្នុងខែមិថុនាកន្លងទៅ ដោយសារតែភាពជោគជ័យ និងប្រជាប្រិយភាពរបស់ខ្សែភាពយន្តថ្មី ចំណងជើងថា «The Rundup: No Way Out» ឬ «ទីក្រុងឧក្រិដ្ឋ: គ្មានច្រកចេញ»។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន Korea Times នៅថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣។

ភាពយន្តកូរ៉េបានទាក់ទាញអ្នកទស្សនា រហូតដល់ ៩.៤១លាននាក់ ក្នុងខែមិថុនា ស្មើនឹង ៦៤.៨ភាគរយ នៃទស្សនិកជនសរុប ដែលជាការកើនឡើងយ៉ាងខ្លាំងពី ១៩.៥ភាគរយកាលពីមួយខែមុន។ នេះបើយោងតាមទិន្នន័យចងក្រង ដោយក្រុមប្រឹក្សាភាពយន្តកូរ៉េ (KOFIC)។ ប្រការនេះបានធ្វើឲ្យចំណូលនៃការលក់សំបុត្រ ចូលទស្សនាភាពយន្តសរុបទទួលបានខ្ទង់ ៧៣.៤លានដុល្លារ។

គួរជម្រាបថា នេះជាលើកដំបូងហើយ ក្នុងរយៈពេលប្រាំពីរខែមកនេះ ដែលភាពយន្តកូរ៉េបានលក់ដាច់ ជាងភាពយន្តបរទេស។ «ទីក្រុងឧក្រិដ្ឋ: គ្មានច្រកចេញ» ដែលសម្តែងដោយតួសម្តែង Ma Dong-seok ដែលទស្សនិកជនខ្មែរតែងតែហៅថា «ប្រូម៉ាប់» ទទួលបានចំនួនអ្នកចូលទស្សនា លើសពី១០លានដង កាលពីថ្ងៃទី១ ខែកក្កដា ដែលបានក្លាយជាភាពយន្តដំបូងគេ ចេញផ្សាយនៅក្នុងប្រទេសក្នុងឆ្នាំនេះ ដែលជោគជ័យវ៉ាដាច់ភាពយន្តបរទេស៕