(ភ្នំពេញ)៖ ក្រុមជយលាភី នៃការប្រកួតកីឡាទាញព្រ័ត្រជ្រើសរើសជើងឯកថ្នាក់ជាតិ ឆ្នាំ២០២៣ នឹងទទួលបានកៅឱកាសចូលរួមការប្រកួតអន្ដរជាតិនានា ។ នេះបើតាមការបញ្ជាក់របស់លោកបណ្ឌិត មាស សារិន ប្រធានសហព័ន្ធកីឡាទាញព្រ័ត្រកម្ពុជា ក្នុងពិធីបើកការប្រកួតជើងឯកថ្នាក់ជាតិ នៅព្រឹកថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២៣ នេះ ។

ប្រធានសហព័ន្ធដដែលបន្ដថា កន្លងមកក្រុមកីឡាទាញព្រ័ត្រកម្ពុជា ធ្លាប់ទទួលបានមេដាយពីការប្រកួតអន្ដរជាតិ តែមិនទាន់ដល់កម្រិតចង់បាននោះទេ ហេតុនេះ លោកបានជំរុញឲ្យក្លិប ពិសេសកីឡាករ-កីឡាការិនីទាំងអស់ ខិតខំប្រឹងប្រែងហ្វឹកហាត់ ដើម្បីមានឱកាសចូលរួមប្រកួតប្រជែងលើឆាកអន្ដរជាតិ ហើយដណ្ដើមលទ្ធផលល្អប្រសើរជូនជាតិ ។

អ្វីដែលពិសេស គឺលោកបានជំរុញឲ្យក្រុមចូលរួមការប្រកួតជើងឯកថ្នាក់ជាតិទាំងអស់ ត្រូវបញ្ចេញឲ្យអស់ពីសមត្ថភាព និងទេពកោសល្យរបស់ខ្លួន ដ្បិតក្រុមទទួលបានជើងឯក ទាំងផ្នែកបុរស និងផ្នែកនារី សហព័ន្ធផ្ដល់ជ្រើសរើស ដើម្បីចូលរួមការប្រកួតអន្ដរជាតិនានា ពិសេសការប្រកួតអន្ដរជាតិ នៅប្រទេសថៃ ដែលកម្ពុជាតែងទទួលបានការអញ្ជើញស្ទើររៀងរាល់ឆ្នាំ ។

បន្ថែមលើនេះ លោកបណ្ឌិត មាស សារិន បានជំរុញឲ្យបណ្ដាក្លិបគ្រប់រាជធានី-ខេត្ត និងក្រសួង បន្ដគាំទ្រ និងចូលរួមការប្រកួតប្រចាំឆ្នាំនេះឲ្យបានច្រើន ដើម្បីរួមចំណែកជំរុញការអភិវឌ្ឍវិស័យកីឡាទាញព្រ័ត្រកម្ពុជាឲ្យកាន់តែរីកចម្រើនថែមទៀត ។

ក្រឡេកមកចាប់អារម្មណ៍ការប្រកួតប្រចាំឆ្នាំ ដែលឧបត្ថម្ភគាំទ្រដោយក្រសួងអប់រំ យុវជន និងកីឡា ខាងលើ គឺធ្វើឡើងពីថ្ងៃទី១២-១៥ ខែកក្កដា ឆ្នាំ២០២៣ នៅតំបន់អភិវឌ្ឍន៍ OCIC ក្បែររង្វង់មូលនាងទេពមច្ចា ដោយប្រតិភូ គ្រូបង្វឹក និងកីឡាករ-កីឡាការិនីចូលរូម ២៤៤នាក់ មកពី ១២ រាជធានី-ខេត្ត និងក្រសួង ៕