(បរទេស)៖ លោក Samuel Eto’o កំពុងត្រូវបានបណ្តាក្លិបចំនួន១២ បានមូលមតិគ្នាក្នុងការបោះឆ្នោតឲ្យរូបលោក ចុះចេញពីតំណែងប្រធានសហព័ន្ធបាល់ទាត់កាមេរូន ក្រោយផ្ទុះរឿងមិនប្រក្រតីនាពេលថ្មីៗនេះ។

តាមរយៈការចេញផ្សាយដោយគេហទំព័រកីឡា BBC នាថ្ងៃព្រហស្បតិ៍ ទី១៣ ខែកក្កដា ឆ្នាំ២០២៣ នេះបានឲ្យដឹងថា ក្នុងការបោះឆ្នោតដែលមានសំឡេង ១១-១ បានបង្ខំឲ្យបុរសវ័យ ៤២ឆ្នាំខាងលើនេះលាឈប់ពីតំណែងប្រធាននេះ ដែលទើបកាន់បាន ២ឆ្នាំប៉ុណ្ណោះ។

នៅក្នុងសេចក្តីថ្លែងការណ៍រួមពីសំណាក់ក្លិបស្ម័គ្រចិត្តក្នុងការបោះឆ្នោតនោះបានបញ្ជាក់ផងថា «លោក Eto’o គួរតែចុះចេញពីតំណែងប្រធានសហព័ន្ធបាល់ទាត់កាមេរូន ប្រសិនបើលោកនៅស្រឡាញ់បាល់ទាត់ប្រទេសនេះ»

បណ្តាភាគីប្រឆាំងទាំងឡាយក៏បានចោទសួរនូវសំណួរជាច្រើនទៅកាន់លោក Eto’o អតីតកីឡាករសំខាន់ FC Barcelona និងកីឡាករល្អប្រចាំទ្វីបអាហ្រ្វិក ៤សម័យកាលផងនោះ ដោយថ្មីៗនេះបានសម្រេចចិត្តក្នុងការក្លាយជាទូតសុឆន្ទៈរបស់ក្រុមភ្នាល់បាល់ ដែលបានល្មើសទៅនឹងច្បាប់ FIFA ជាពិសេសក្នុងប្រទេសកាមេរូន ផ្ទាល់តែម្តង។

ដូចគ្នានោះដែរ សមាគមក្លិបស្ម័គ្រចិត្តកាមេរូន ដែលហៅកាត់ថា ACFAC ក៏បានស្នើសុំឲ្យរដ្ឋមន្រ្តីកីឡា ក៏ដូចជាលោក Gianni Infantino ប្រធាន FIFA ពិនិត្យ និងបើកការស៊ើបអង្កេតរឿងនេះតាមដែលអាចធ្វើទៅបានដែរ។

នៅចាំបានថា លោក Samuel Eto’o ត្រូវបានបោះឆ្នោតជា ប្រធានសហព័ន្ធបាល់ទាត់កាមេរូន (Cameroonian FA) កាលខែធ្នូ ឆ្នាំ២០២១ ដោយមានការជួយជ្រោមជ្រែងពីលោក Paul Biya ប្រធានាធិបតីកាមេរូនផងដែរ បើទោះបីជាខុសបញ្ញតិ្តរបស់ FIFA ដែលមានការហាមប្រាមនយោបាយ ទាក់ទងនឹងកីឡាក៏ដោយ៕