(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់កម្ពុជា (FFC) បានធ្វើការបង្ហាញបញ្ជីឈ្មោះកីឡាករចំនួន ២៤នាក់ នៃក្រុមជម្រើសជាតិអាយុក្រោម ២២ឆ្នាំកម្ពុជា ដើម្បីប្រមូលផ្ដុំហ្វឹកហាត់ដំណាក់កាលទី២ និងចូលរួមប្រកួតពានរង្វាន់មិត្តភាពអន្ដរជាតិ Merlion Cup 2023 នៅប្រទេសសិង្ហបុរី នាពេលឆាប់ៗខាងមុខ ។

ការបង្ហាញបញ្ជីឈ្មោះកីឡាករខាងលើ ធ្វើឡើងក្រោយបញ្ចប់ការបោះជំរំហ្វឹកហាត់ជាង ២សប្ដាហ៍ នៅកោះសាមុយ ប្រទេសថៃ កាលពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី១៥ ខែមីនាថ្មី ។ ចំពោះសមាជិក ២៤រូប ដែលត្រូវបន្ដប្រមូលផ្ដុំដំណាក់កាលទី២ រួមមានកីឡាករវិសាខា ៥នាក់, បឹងកេត ៤នាក់, ព្រះខ័នរាជស្វាយរៀង ៤នាក់, ណាហ្គាវើលដ៏ ៤នាក់, ភ្នំពេញក្រោន ៣នាក់ ព្រមទាំងសមាជិកក្រុមកងយោធពលខេមរភូមិន្ទ, អង្គរថាយហ្គឺរ, ព្រៃវែង និងអគ្គិសនីកម្ពុជា ម្នាក់ៗដូចគ្នា ។

ក្រឡេកទៅចាប់អារម្មណ៍ការប្រកួតពានរង្វាន់ Merlion Cup 2023 នៅសិង្ហបុរីវិញ គឺមាន ៤ប្រទេសចូលរួម ដែលនឹងធ្វើការប្រកួតពីថ្ងៃទី២៤-២៦ ខែមីនាខាងមុខ ខណៈលទ្ធផលចាប់ឆ្នោត គឺក្រុម U22 កម្ពុជា ត្រូវជួបម៉ាឡេស៊ី ខណៈម្ចាស់ផ្ទះសិង្ហបុរី ត្រូវជួបហុងកុង ។ បន្ទាប់មកក្រុមឈ្នះ នឹងត្រូវជួបគ្នា នៅវគ្គផ្ដាច់ព្រ័ត្រ នាថ្ងៃទី២៦ ខែមីនា ហើយក្រុមចាញ់ ក៏ត្រូវជួបគ្នាដណ្ដើមចំណាត់ថ្នាក់លេខ៣ ផងដែរ ។

តាមការបង្ហើបឲ្យដឹងរបស់មន្ដ្រីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា បន្ទាប់ពីបញ្ចប់ការបោះជំរំហ្វឹកហាត់ និងប្រកួតពានរង្វាន់អន្ដរជាតិ នៅសិង្ហបុរី ក្រុមជម្រើសជាតិ U22 កម្ពុជា គ្រោងនឹងត្រឡប់ទៅហ្វឹកហាត់នៅថៃម្ដងទៀត ដើម្បីត្រៀមការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ នៅកម្ពុជា ដែលគ្រោងនឹងធ្វើការប្រកួតនាថ្ងៃទី២៩ ខែមេសា ពោលគឺមុនពិធីបើកកាបរ្រកួតផ្លូវការ ដែលនឹងប្រារព្ធធ្វើឡើងនាថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ខាងមុខ ៕