(ភ្នំពេញ)៖ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ បានរៀបចំកិច្ចប្រជុំស្តីពី ការបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងលើកទិសដៅការងារឆ្នាំ២០២៣ និងផ្សព្វផ្សាយលទ្ធផលសន្និបាតត្រួតពិនិត្យការងារឆ្នាំ២០២២ លើកទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងមហាផ្ទៃ និងបូកសរុបចលនាប្រឡងប្រណាំងអនុវត្តគោលនយោបាយ «ភូមិ ឃុំ សង្កាត់ មានសុវត្ថិភាព»

កិច្ចប្រជុំនេះ រៀបចំឡើងក្រោមអធិបតីភាពលោក សរ សិទ្ធិ អនុរដ្ឋលេខាធិការ ទទួលជួយការងារដឹកនាំ អគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ និងលោកឧត្តមសេនីយ៍ឯក យិត ភីរៈ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ។

បន្ទាប់ពីបានស្តាប់នូវរបាយការណ៍ ដែលលើកឡើងដោយ លោកអគ្គលេខាធិការ រួចមកលោកអនុរដ្ឋលេខាធិការ បានមានប្រសាសន៍វាយតម្លៃខ្ពស់ ចំពោះលទ្ធផលដែលអគ្គលេខាធិការដ្ឋាន នៃក្រុមប្រឹក្សាកីឡាក្រសួងមហាផ្ទៃ សម្រេចបានប្រកបដោយផ្លែផ្កានាឆ្នាំកន្លងមក។

ក្នុងឱកាសនោះដែរ លោក សរ សិទ្ធិ បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពី សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ជូនដល់ថ្នាក់ដឹកនាំ និងកីឡាករ កីឡាការនី ផងដែរ។

ក្នុងកិច្ចប្រជុំនោះ លោក សរ សិទ្ធិ ក៏បានជម្រាបជូនដល់អង្គពិធីអំពីលទ្ធផល នៃអង្គសន្និបាតរបស់ក្រសួងមហាផ្ទៃ និងទិសដៅការងារបន្តសម្រាប់ឆ្នាំ២០២៣ ក៏ដូចជាអនុសាសន៍សំខាន់ៗ របស់សម្តេចក្រឡាហោម និងអនុសាសន៍ទាំង៩ចំណុច របស់សម្តេចតេជោនាយករដ្ឋមន្រ្តី ដែលបានថ្លែងក្នុងអង្គសន្និបាតនោះផងដែរ ៕