(ឡុងដ៏)៖ ក្លិប Crystal Palace បានសម្រេចបណ្តេញអ្នកចាត់ការលោក Patrick Vieira ចេញពីតំណែងក្រោយដឹកនាំក្រុមរកមិនបានជ័យជម្នះ ១២ប្រកូត និងចុងក្រោយលេងចាញ់ Brighton ១-០ ក្នុងលីគអង់គ្លេស Premier Leageu។ នេះបើតាមប្រភពពី BBC ឲ្យដឹងនាថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៣។

ក្លិប Palace មិនទាន់រកបានជ័យជម្នះនោះទេក្នុងឆ្នាំ២០២៣ នេះ ជាមួយនឹង ៣ប្រកួតចុងក្រោយទទួលបានត្រឹមបរាជ័យ ក្រោមការដឹកនាំដោយលោក Vieira ក្នុងចំណោម ២៧ប្រកួតនៅលីគអង់គ្លេស ឈរលេខរៀងទី១២ ជាមួយការរកបានគ្រាប់ស៊ុតត្រឹម ២១គ្រាប់ប៉ុណ្ណោះរដូវកាលនេះ។

បុរសសញ្ជាតិបារាំង Vieira បានចូលមកកាន់ Crystal Palace កាលពីខែកក្កដា ឆ្នាំ២០២១ និងជាក្លិបទី៣ បន្ទាប់ពីក្លិប New York City FC និង Nice ដោយសរុបមកលោកបានដឹកនាំ Crystal Palace បានចំនួន ៧៤ប្រកួតគ្រប់កម្មវិធី។

ក្នុងនោះបុគ្គលិកការងាររបស់លោក Vieira មានលោក Osian Roberts, Kristian Wilson និង Said Aigoun ក៏ត្រូវចាកចេញផងដែរ ខណៈក្លិប Palace ត្រូវធ្វើដំណើរទៅជួបក្រុមកំពូលតារាង Arsenal នៅចុងសប្តាហ៍នេះនៃប្រកួតទី២៨៕