(ភ្នំពេញ)៖ គណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម (CAMSOC) បានរៀបចំសន្និសិទសារព័ត៌មានជាមួយបណ្តាញសារព័ត៌មានក្នុងស្រុក និងក្រៅស្រុកប្រមាណជិត ១០០នាក់ ដើម្បីជជែកពិភាក្សាស្តីពីការផ្សព្វផ្សាយកីឡាស៊ីហ្គេម (SEA Games 2023) ហើយបានចាត់ទុកថា ក្រុមអ្នកសារព័ត៌មាន គឺជាគ្រួសារមួយសម្រាប់លើកកម្ពស់នូវការផ្សព្វផ្សាយស៊ីហ្គេមរបស់កម្ពុជា ទៅកាន់ពិភពលោកដែលនឹងឈានមកដល់នាដើមខែឧសភាខាងមុខនេះ នាព្រឹកថ្ងៃព្រហស្បតិ៍ ទី១៦ ខែមីនា ឆ្នាំ២០២៣។

សម្រាប់ការរៀបចំសន្និសីទនេះ ធ្វើឡើងដោយបានការអនុញ្ញាតពីសម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងការពារជាតិ និងជាប្រធានគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម លើកទី៣២ ឆ្នាំ២០២៣ និងអាស៊ានប៉ារ៉ាហ្គេម លើក១២ CAMSOC ក្នុងការរៀបចំសន្និសីទសារព័ត៌មាន ដែលមានការចូលរួមពីសំណាក់អ្នកសារព័ត៌មានមកពីបណ្តាប្រទេសសមាជិកអាស៊ីអាគ្នេយ៍ទាំង១១ និងបណ្តាញសារព័ត៌មានអន្តរជាតិធំៗជាច្រើនទៀតមកពីទូទាំងពិភពលោក។

លោក វ៉ាត់ ចំរើន អគ្គលេខាធិការគណៈកម្មាធិការជាតិរៀបចំការប្រកួតកីឡាស៊ីហ្គេម CAMSOC បានចាត់ទុកថា ក្រុមអ្នកសារព័ត៌មាន គឺជាគ្រួសារមួយសម្រាប់លើកកម្ពស់នូវការផ្សព្វផ្សាយស៊ីហ្គេមរបស់កម្ពុជា ទៅកាន់ពិភពលោក ហើយជាពេលវេលាដែលត្រូវតែរួមគ្នា ធ្វើការងារជាមួយគ្នា ដោយព្រឹត្តិការណ៍នេះមិនអាចដាច់ចេញពីការផ្សព្វផ្សាយ ទទួលខុសត្រូវ និងជ្រោមជ្រែងពីបណ្តាញសារព័ត៌មានបានទេ។

លោកបន្តថា សារព័ត៌មាន គឺជាចលករមួយគន្លឹះនៅក្នុងការលើកតម្លៃស៊ីហ្គេមដែលកម្ពុជា ធ្វើម្ចាស់ផ្ទះមានគុណតម្លៃកាន់តែខ្ពស់ ហើយធ្វើឲ្យគេស្គាល់កម្ពុជាកាន់តែច្បាស់ ធ្វើឲ្យគេយកទិដ្ឋភាពពីស៊ីហ្គេមដ៏អស្ចារ្យនៅកម្ពុជានេះ យកទៅផ្សព្វផ្សាយឲ្យគេស្គាល់ និងដឹង ដើម្បីឲ្យមានការចាប់អារម្មណ៍ និងមកអភិវឌ្ឍន៍ប្រទេសកម្ពុជា។

លោកថា «កាលណាយើងផ្សព្វផ្សាយបានល្អ ពីព្រឹត្តិការណ៍ដែលយើងខិតខំធ្វើច្រើនឆ្នាំមកនេះ គឺសបញ្ជាក់ពីការខិតខំប្រឹងប្រែងរបស់យើង។ បើយើងមិនធ្វើការផ្សព្វផ្សាយឲ្យបានទូលំទូលាយ និងស៊ីជម្រៅឲ្យឃើញទិដ្ឋភាពច្បាស់ ពីការខិតខំប្រឹងប្រែង និងកំលាំងសក្តានុពលរបស់យើងទេ យើងអាចបាត់បង់នូវគុណតម្លៃនៃកិច្ចខិតខំប្រឹងប្រែងក្នុងរយៈពេលច្រើនឆ្នាំមកនេះ ដែលនេះគឺជាអ្វីដែលយើងបានទទួល និងគោរពតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី គឺការផ្សព្វផ្សាយឲ្យទូលំទូលាយ ឲ្យមានឥទ្ធិពលទាំងនៅលើឆាកជាតិ និងអន្តរជាតិ»

កម្ពុជា នឹងធ្វើឲ្យអ្នកសារព័ត៌មានកីឡា និងព័ត៌មានទូទៅមានភាពកក់ក្តៅ ក្នុងការទទួលបានព័ត៌មានត្រឹមត្រូវ សុខសុវត្ថិភាព ដែលមានកន្លែងឲ្យពួកគាត់សម្រាប់ធ្វើការ MPC (Main Press Center) និងមជ្ឈមណ្ឌលផ្សព្វផ្សាយអន្តរជាតិ IBC (International Broadcasting Center) ជាដើម។

នៅថ្ងៃទី១៧ ខែមីនា អ្នកសារព័ត៌មានជាតិ និងអន្តរជាតិនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ពហុកីឡដ្ឋានជាតិមរតកតេជោដែលជាកន្លែងរៀបចំពិធីបើក-បិទព្រឹត្តិការណ៍កីឡាជាប្រវត្តិសាស្ត្រទាំងពីរ និងមជ្ឈមណ្ឌលសន្និបាតជ្រោយចង្វារ ដើម្បីផ្តិតយករូបភាព និងស្វែងយល់ពីទីកន្លែងលំអិតដើម្បីយកទៅផ្សព្វផ្សាយ ដោយឡែកក្រុមអ្នកសារព័ត៌មានអន្តរជាតិ នឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ពហុកីឡដ្ឋានជាតិ មុនពេលថ្ងៃទី១៨ ខែមីនា ពួកគាត់វិលត្រឡប់ទៅប្រទេសកំណើតវិញ។

បញ្ជាក់ផងថា សម្រាប់ព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើកទី៣២ ដែលកម្ពុជានឹងធ្វើជាម្ចាស់ ក្រោយរង់ចាំរយៈពេល ៦៤ឆ្នាំ និងចាប់ផ្តើមពីថ្ងៃទី០៥-១៧ ខែឧសភា ឆ្នាំ២០២៣ និងការប្រកួតកីឡាអាស៊ានប៉ារ៉ាហ្គេម ASEAN Para Games នឹងចាប់ផ្តើមពីថ្ងៃទី០៣-០៩ ខែមិថុនា ឆ្នាំ២០២៣៕