(បរទេស)៖ ក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ Samsung បានទទួលភ្លើងខៀវដើម្បីបន្តការផលិតដ៏ធំនៃបន្ទះឈីប 4nm (ណាណូម៉ែត្រ) ជំនាន់ទីបី នៅកូរ៉េខាងត្បូងហើយ ខណៈពេលក្រុមហ៊ុនបច្ចេកវិទ្យាធំៗផ្សេងទៀតកំពុងប្រជែងគ្នាចាប់ផ្តើមការផលិត។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន GSMArena នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២៣។

ប្រភពពីកាសែតកូរ៉េបានឱ្យដឹងថា ក្រុមហ៊ុន Samsung Semiconductor ទទួលបានការគាំទ្រពីរដ្ឋាភិបាលក្នុងការផលិតបន្ទះឈីបប្រភេទ wafer yield ជំនាន់ថ្មីដើម្បីជួយកាត់បន្ថយការប្រើប្រាស់ថាមពល។ ជាមួយនឹងដំណើរការផលិតនេះត្រូវបានគេរំពឹងថា នឹងចាប់ផ្តើមនៅចុងឆ្នាំ២០២៣ ខាងមុខនេះ ដែលមានរយៈពេល ៣ខែក្នុងការផលិត។

មូលហេតុដែលជំរុញឱ្យក្រុមហ៊ុនបច្ចេកវិទ្យាប្រជែងគ្នាផលិតបន្ទះឈីបជំនាន់ថ្មីនេះ គឺដោយសារតែសន្ទុះនៃការល្បឿនក្នុងការប្រើប្រាស់ក៏ដូចជាការគាំទ្រនៃបន្ទះឈីប 4nm និង 5nm (ណាណូម៉ែត្រ) សម្រាប់ស្មាតហ្វូនកើនឡើងដល់ ២២ភាគរយឯណោះ ខណៈដែល បន្ទះឈីប 6nm និង 7nm បានធ្លាក់ចុះមកនៅត្រឹម ១៦ភាគរយប៉ុណ្ណោះ នេះបើតាមការដកស្រង់របាយការណ៍ស្រាវជ្រាវពី Business Korea។

គួរបញ្ជាក់ដែរថា ការផលិតបន្ទះឈីប 4nm ត្រូវបានគេរំពឹងថានឹងកើនឡើងបន្ថែមទៀតនាពេលអនាគត ដោយសារទាំង Samsung និង TSMC កំពុងសាងសង់រោងចក្រនៅក្នុងសហរដ្ឋអាមេរិកដែលនឹងរួចរាល់សម្រាប់ប្រតិបត្តិការនៅឆ្នាំ២០២៤ ខាងមុខនេះ៕