(សេអ៊ូល)៖ អបអរសាទរកីឡាកាវិនីកម្ពុជា ផ្នែកកីឡាប៊ីយ៉ា ស្រួង ភាវី បានឈ្នះពានរង្វាន់ ៤គ្រឿង ក្នុងពេលតែមួយនៃកម្មវិធី PBA Awards 2023 ធ្វើឡើងនៅប្រទេសកូរ៉េខាងត្បូង ដែលជាកម្មវីធីប្រគល់ពានទៅកាន់កីឡាករឆ្នើមៗ ប្រចាំឆ្នាំ ដ្បិតកីឡាករផ្សេងៗ ទទួលបានត្រឹមមួយពានប៉ុណ្ណោះ។

ស្រួង ភាវី បានឱ្យដឹងនាថ្ងៃអង្គារ៍ ១៤ ខែមីនា ដើមឆ្នាំ២០២៣ នេះថា គឺជាប្រវត្តិសាស្រ្តរបស់រូបនាង ដែលបានឈ្នះកីឡាករឆ្នើមប្រចាំឆ្នាំ ដល់ទៅ ៤គ្រឿង និងមានភាពរំភើបមោទកភាពខ្លាំងណាស់ ក្នុងនាមជាកីឡាការិនីម្នាក់មកពីប្រទេសកម្ពុជា។

 ស្រួង ភាវី បានបង្ហាញអារម្មណ៍ថា «ថ្ងៃនេះខ្ញុំពិតជារំភើប និងមានមោទកភាពខ្លាំងណាស់ ដោយបានទទួលពានរង្វាន់PBA សម្រាប់កីឡាករឆ្នើម ឆ្នាំ2023 ចំនួន៤ពានម្នាក់ឯង ក្នុងចំណោមកីឡាករឆ្នើមទាំងអស់ពួកគាត់ទទួលបានត្រឹមម្នាក់១។

កីឡាការិនីឆ្នើមបន្តថា «ខ្ញុំរំភើបពេកស្ទើរតែរកពាក្យអ្វីនិយាយមិនចេញ តែអ្វីដែលខ្ញុំនឹកឃើញមុនគេ នេះគឺជាកិត្តិយសសម្រាប់ប្រជាជាតិរបស់ខ្ញុំ ព្រោះស្រួង ភាវី ម្នាក់នេះមកពីប្រទេសកម្ពុជា គឺជាមាតុភូមិដ៏ល្អផូរផង់របស់ខ្ញុំ។ តទៅទៀត កូនស្រីកម្ពុជាម្នាក់នេះ នឹងខិតខំប្រឹងប្រែងធ្វើអ្វីៗឱ្យអស្ចារ្យ និងនាំយកនូវកិត្តិយសដ៏បវរសម្រាប់ជាតិមាតុភូមិ ពុកម៉ែបងប្អូនយើងដែលតែងតែគាំទ្រ និងលើកទឹកចិត្តដល់រូបនាងខ្ញុំកន្លងមក។ សូមគោរពជូនពរជនរួមជាតិទាំងអស់គ្នា សូមអរគុណ!។

រំលឹកផងថា មុនឈានដល់ការឈ្នះពាន ៤គ្រឿងខាងលើនេះពីកម្មវិធី PBA Awards 2023 កីឡាការិនីកម្ពុជា ស្រួង ភាវី ក៏ទើបតែគ្រងតំណែងជើងឯកម្ចាស់ពានរង្វាន់កម្រិតពិភពលោក PBA- LPBA World Championship 2023នេះ៕