(ភ្នំពេញ)៖ ក្រុមហ៊ុនធំៗចំនួន១១ នឹងផ្តល់ឱកាសការងារសរុបចំនួន ៨៨៨ កន្លែង ដល់យុវជន សិស្ស/និស្សិត និងអ្នកកំពុង​ស្វែងរកការងារធ្វើក្នុងវេទិកាការងាររបស់ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាល​វិជ្ជាជីវៈ ចាប់ពីម៉ោង ៨:០០ព្រឹក ដល់ម៉ោង ០៥:០០ល្ងាច នៅក្នុងបរិវេណក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ​នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៣ ស្អែកនេះ។

កម្មវិធីវេទិកា​ការងារនេះ ត្រូវបានសហការរៀបចំឡើងដោយ NEA និងសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

ក្រុមហ៊ុនធំៗទាំង១១ ដែលនឹងចូលរួមជ្រើសរើសបុគ្គលិក ក្នុងវេទិកាការងាររបស់NEA នោះរួមមាន៖ក្រុមហ៊ុន AEON CAMBODAI, DFI LUCKY PRIVATE LIMITED, Wing Bank , ធនាគារកម្ពុជាសាធារណៈ ភីអិលស៊ី, ក្រុមហ៊ុន សុខ គង់ អាហរ័ណ នីហរ័ណ, Ly Hour Paypro Plc, Jaccs Microfinace (Cambodia)Plc,ក្រុមហ៊ុន Yes Care, CHIP MONG INDUSTRIES,GFG, និង MR Training and Jobs Center។

សម្រាប់យុវជន សិស្ស/និស្សិត និងអ្នកកំពុងស្វែងរកការងារធ្វើ ឬចង់ផ្លាស់ប្តូរការងារ អាចយកប្រវត្តិរូបសង្ខេប (CV) ដើម្បីចូលរួមដាក់ពាក្យ និងសម្ភាសផ្ទាល់ជាមួយ អ្នកតំណាងក្រុមហ៊ុន ទាំងនោះបាន។

ជាមួយគ្នានេះ លោកស្រី សំ ឆៃយ៉ា ប្រធានផ្នែកគ្រប់គ្រងធនធានមនុស្ស​ផ្សារទំនើបអុីអន លើកឡើងថាលោក ពិតជាមានសេចក្តី​សោមនស្ស រីករាយក្រៃលែងដែលបានចូលរួមសហការ​ជាមួយ NEA ។ លោកបន្តថា ដោយសារតែការរីកចម្រើន​របស់អុីអននាពេលបច្ចុប្បន្ន យើងនឹងនាំយកឱកាសការងារ​ជាច្រើនកន្លែង គ្រប់មុខតំណែង ជូនដល់សិស្ស និស្សិត និងអ្នកកំពុងស្វែងរកការងារ ឬមានបំណងចង់ផ្លាស់​ប្តូរការងារ។ លោកសង្ឃឹមយ៉ាងមុតមាំថា ការចូលរូម​សហការជាមួយនឹង NEA គឺបានរួមចំណែកដ៏សំខាន់​ក្នុងការជ្រើសរើសបុគ្គលិកប្រកបដោយគុណភាព និងទាន់តម្រូវការរបស់ស្ថាប័ន។

វេទិកាការងារនេះ នឹងត្រូវរៀបចំដោយអនុវត្តយ៉ាងម៉ត់ចត់​នូវវិធានការណ៍បង្ការអនាម័យ ស្របតាមការណែនាំរបស់​ក្រសួងសុខាភិបាល «៣ការពារ និង៣កុំ» ដើម្បីទប់ស្កាត់ការឆ្លង និងរីករាលនៃជំងឺ កូវីដ-១៩ ដើម្បីអាចធានាបាននូវសុវត្ថិភាព និងទំនុកចិត្តក្នុងការជ្រើសរើសកម្លាំងពលកម្ម និងទទួលបាន​ឱកាសការងារ សម្រាប់ភាគីនិយោជក និងអ្នកស្វែងរក​ការងារ។

ដើម្បីទទួលព័ត៌មានបន្ថែម សូមទាក់ទងមជ្ឈមណ្ឌលការងារ​រាជធានីភ្នំពេញនៃ ទីភ្នាក់ងារជាតិមុខរបរ និងការងារ តាម​រយៈលេខទូរស័ព្ទ ០១៦ ៧៨៦ ៦៥៥ ឬគេហទំព័រ www.nea.gov.kh និងទំព័រ facebook neakhmer (អិនអ៊ីអេ ខ្មែរ)៕