(បរទេស)៖ MV ចម្រៀងបទ «Naatu Naatu» របស់ឥណ្ឌា បានឈ្នះពានរង្វាន់បទចម្រៀងដើមល្អបំផុត នៅព្រឹត្តិការណ៍ពានរង្វាន់ Oscar ខណៈដែលរឿង «The Elephant Whisperers» បានឈ្នះពានរង្វាន់ សម្រាប់ភាពយន្តខ្លីឯកសារល្អបំផុត។ ប្រការនេះបានធ្វើឲ្យនាយករដ្ឋមន្ត្រី លោក Narendra Modi និងប្រជាជនឥណ្ឌា សម្តែងការសាទរយ៉ាងកុះករ សម្រាប់ការឈ្នះជាប្រវត្តិសាស្ត្រនេះ។

បើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA បានឲ្យដឹងថា បទចម្រៀងដែលឈ្នះពានរង្វាន់នេះ​ គឺមានចំនួន View ឡើងលឿន ដែលមានអ្នកគាំទ្រទូទាំងពិភពលោក បានរាំតាមក្នុង TikTok និងមានអ្នកចូលមើលរាប់លានដងនៅលើ YouTube។ បើគេនៅចាំមិនភ្លេច ស្នាដៃសិល្បៈរបស់ជនជាតិឥណ្ឌា ធ្លាប់ឈ្នះពានរង្វាន់អូស្ការពីមុន ប៉ុន្តែមិនមែនឈ្នះតាមរយៈភាពយន្តទេ ទើបតែឆ្នាំនេះ ឥណ្ឌាបានឈ្នះពានរង្វាន់សម្រាប់ភាពយន្ត។ RRR និង The Elephant Whisperers បានឈ្នះពានក្នុងនាម ភាពយន្តខ្លីឯកសារល្អបំផុត។

បើតាមការចាក់បញ្ចាំងតាមទូរទស្សន៍​ បាន​បង្ហាញ​ពីរូបភាព​មនុស្ស​រាំ​បទ​ ដែលទទួលពានរង្វាន់នេះនៅ​តាម​ផ្លូវ​ ប៉ុន្មាន​នាទី​បន្ទាប់​ពី​ពាន​រង្វាន់​ត្រូវ​បាន​ប្រកាស។ នាយករដ្ឋមន្ត្រី Narendra Modi បានបង្ហោះនៅលើ Twitter ដោយអបអរសាទរបទចម្រៀងមួយនេះ និងនិយាយថា «ភាពពេញនិយមរបស់ Naatu Naatu គឺសកល។ វានឹងក្លាយជាបទចម្រៀង ដែលនឹងត្រូវចងចាំសម្រាប់ឆ្នាំខាងមុខ»