(បរទេស)៖ ក្នុងកិច្ចប្រជុំក្រុមប្រឹក្សា FIFA នារាត្រីថ្ងៃអង្គារនោះ ស្ថាប័នគ្រប់គ្រងកីឡាបាល់ទាត់អន្តរជាតិបានអនុម័តពី ការរៀបចំព្រឹត្តិការណ៍ Club World Cup ត្រូវលេងរៀងរាល់ ៤ឆ្នាំម្តងចាប់ពីឆ្នាំ២០២៥ តទៅ ដោយមាន ៣២ក្លិបទូទាំងសកលលោកចូលរួម។

យោងតាមគេហទំព័រកីឡា BBC បានចេញផ្សាយថា កាលបរិច្ឆេទថ្មីសម្រាប់ Club World Cup នេះដែរ នឹងចាប់ផ្តើមលេងនៅចន្លោះខែមិថុនា និងខែកក្កដា ក្នុងឆ្នាំ២០២៥ តទៅ នៅពេលក្រុមជើងឯកប្រចាំតំបន់ត្រូវបានជ្រើសរើសចេញក្នុងរយៈពេល ៤ឆ្នាំកន្លងមកមានដូចជា ជើងឯកនៅឆ្នាំ២០២១ ដល់ឆ្នាំ២០២៤ ជាដើម ត្រូវមានកៅអីលេងវគ្គចែកពូល ៣២ក្រុមដោយស្វ័យប្រវត្តិតែម្តង។

មានន័យថា ទ្វីបអឺរ៉ុប (UEFA) ដែលមានចំនួន ១២កៅអី ដើម្បីលេងពាន FIFA Club World Cup នោះ ហើយតោខៀវ Chelsea និង Real Madrid ដែលជាជើងឯកពាន UEFA Champions League នៅឆ្នាំ២០២១ និងឆ្នាំ២០២២ នោះ គឺមានកៅអីលេងក្នុងវគ្គ ៣២ក្រុមរួចជាស្រេច។

ដោយឡែក ក្រុមឯទៀតត្រូវឆ្លងកាត់លេងវគ្គជម្រុះតាមតំបន់ ដោយផ្តោតទៅលើតារាងចំណាត់ថ្នាក់ពិភពលោកនៃក្លិបនីមួយៗទៀតដែរ ក្នុងរង្វង់រយៈពេល ៤ឆ្នាំដូចគ្នា ដោយក្នុង ១ប្រទេសមានយ៉ាងហោចណាស់ ២ក្លិបទេ។

កន្លងមក កម្មវិធី Club World Cup ត្រូវបាន FIFA រៀបចំឡើងជារៀងរាល់ចុងឆ្នាំម្តង ដោយមានតែ ៧ក្លិបប៉ុណ្ណោះចូលរួម ពោលគឺក្រុមជើងឯកលីគនៃប្រទេសម្ចាស់ផ្ទះ និង ៧ក្រុមជើងឯកប្រចាំតំបន់ផ្សេងទៀត ដោយប្រើពេលប្រកួតត្រឹមតែ ១០ថ្ងៃប៉ុណ្ណោះ៕