(ភ្នំពេញ)៖ តារាចម្រៀងប្រចាំក្នុងផលិតកម្មសាន់ដេ លោក ខាន់ ជេមស៍ ក្រៅពីបានសាងកេរ្តិ៍ឈ្មោះល្បីល្បាញសម្រាប់ខ្លួនឯង អស់រយៈពេលជាច្រើនឆ្នាំ នៅលើវិថីសិល្បៈរួចហើយនោះ បច្ចុប្បន្នតារាចម្រៀងរូបនេះ កំពុងតែតម្រែតម្រង់ទិសអនាគតកូនៗរបស់ខ្លួន ឲ្យដើរចូលក្នុងវិថីសិល្បៈ និងឈោងឆាប់ភាពល្បីល្បាញដូចខ្លួន សមនឹងពាក្យចាស់តែងពោលថា «ស្លឹកឈើជ្រុះមិនឆ្ងាយពីគល់»។ ដោយឃើញពីទេពកោសល្យ ចំណង់ចំណូលចិត្ត និងសមត្ថភាពរបស់កូនៗហាក់មានស្រាប់ ទៅលើការងារសិល្បៈ, តារាចម្រៀង ខាន់ ជែមស៍ បានសម្រេចចិត្តបើកផលិតកម្មផ្ទាល់ខ្លួនមួយ មានឈ្មោះថា «Khan James Production» ដែលជាផលិតកម្មសម្រាប់កូនៗរបស់លោកផ្ទាល់ ខណៈកូនស្រីច្បងឈ្មោះថា អេមី បានចេញបទចម្រៀងដំបូងរបស់ខ្លួន មានចំណងជើងថា «កុំចង់ត្រូវគ្នា» ដោយទទួលបានការចាប់ខ្លាំងពីសំណាក់មហាជន ជាពិសេសយុវវ័យ។
ថ្មីៗនេះ ទស្សនិកជនពិតជាបានដឹង និងបានសណ្ដាប់រួចមកហើយ នូវសូរសំនៀងដ៏ស្រទន់ ពីរោះរណ្ដំពីសំណាក់យុវតីម្នាក់ តាមរយៈបទ «កុំចង់ត្រូវគ្នា» ដែលជាការបកស្រាយរបស់យុវតីសំឡេងផ្អែម និងមានរូបឆោមស្រស់សោភាម្នាក់ នៅក្នុងផលិតកម្ម Khan James Production ដែលទើបតែនឹងបើកថ្មី គឺកញ្ញា អេមី ជាកូនស្រីបង្កើតរបស់លោក ខាន់ ជែមស៍។ មិនត្រឹមតែប៉ុណ្ណោះ ចម្រៀងមួយបទនេះ ពិតជាមានអត្ថន័យចាក់ដោតយ៉ាងខ្លាំង ដល់ស្រទាប់បេះដូងយុវវ័យ ក៏ដូចជាអ្នកស្នេហាវិស័យសិល្បៈចម្រៀងផងដែរ។
តារាចម្រៀង ខាន់ ជែមស៍ បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងថា កូនៗប្រុសស្រីទាំងបួននាក់របស់លោក សុទ្ធសឹងតែមានទេពកោសល្យផ្នែកសិល្បៈ មិនចាញ់លោកប៉ុន្មាននោះទេ ដែលលោកបានរំពឹងក្នុងចិត្តថា ថ្ងៃអនាគត កូនៗទាំងបួនរបស់លោក អាចនឹងស្នងតំណែងសិល្បៈបន្តពីរូបលោកបាន។ បច្ចុប្បន្ននេះ កូនស្រីច្បងរបស់លោកមានឈ្មោះថា «អេមី» បានបញ្ចេញនូវបទចម្រៀងថ្មីបានមួយបទហើយ មានចំណងជើងថា «កុំចង់ត្រូវគ្នា» ដោយលោកមើលឃើញថា មានសន្ទុះនៃការគាំទ្រខ្លាំងគ្រាន់បើ។ លោកបន្តថា កូនស្រីច្បងមិនត្រឹមតែមានសំឡេងពីរោះប៉ុណ្ណោះទេ តែក៏មានទេពកោសល្យជាច្រើនទៀត នៅលើវិស័យសិល្បៈនេះ។
ម្ចាស់បទ «របាំចងស្នេហ៍» រូបនេះ បានបន្តថា ចំណែកកូនទីពីររបស់លោកមានឈ្មោះថា ដូរ៉ា ក៏មានទេពកោសល្យផ្នែកចម្រៀងមិនចាញ់គ្នាប៉ុន្មានទេ ព្រមទាំងមានដុងខាងផ្នែកចង្វាក់រាំថែមទៀតផង។ រីឯកូនទីបីរបស់លោក ទស្សនិកជនប្រហែលជាបានស្គាល់រួចមកហើយ តាមរយៈការបង្ហាញបទចម្រៀងស្ទីលបែបរ៉េប Hip Hop មានដូចជាបទ «Boy ឡូយ, Gate កូនប៉ា, Hard Way, និង Young Rapper» ជាដើម។ ចំណែកកូនចុងក្រោយរបស់លោក ដែលជាកូនស្រីពៅក្នុងគ្រួសារ មានឈ្មោះថា មករា សាវីណា មានទេពកោសល្យផ្នែកច្រៀង និងរាំ ហើយមានចំណូលចិត្តដើរលើវិថីសិល្បៈដូច K-pop ដូច្នោះដែរ។
ក្រោមដំបូលផលិតកម្មផ្ទាល់ខ្លួន ដែលមានកូនៗពោរពេញទៅដោយសមត្ថភាព លោក ខាន់ ជេមស៍ បានប្ដេជ្ញាយ៉ាងមុតមាំថា លោកនឹងខំប្រឹងបន្តផលិតនូវបទចម្រៀងថ្មីៗ Original ស្នាដៃកូនខ្មែរ ជាច្រើនទៀតដើម្បីចែកជូនដល់ទស្សនិកជន ដែលអ្នកគាំទ្ររូបលោក និងកូនៗ បានស្ដាប់កម្សាន្ត។ មិនត្រឹមតែប៉ុណ្ណោះលោកក៏មានចក្ខុវិស័យផងដែរ ក្នុងការនាំយករសជាតិសិល្បៈចម្រៀងរបស់កម្ពុជា ឆ្ពោះទៅកាន់ឆាកអន្តរជាតិ និងពាំនាំយកមោទនភាពដ៏អស្ចារ្យសម្រាប់ប្រជាជាតិផងដែរ។
ខាន់ ជែមស៍ និយាយថា «សិល្បៈក៏ជាសរសៃឈាមមួយរបស់ជាតិផងដែរ ដូច្នេះក្នុងនាមជាកូនខ្មែរ ត្រូវតែចូលរួមការពារថែរក្សា គាំទ្រ ប្រឹងប្រែងហាត់ពត់ និងបង្ដើតគំនិតច្នៃប្រឌិតថ្មីៗ ដើម្បីជួយលើកតម្លៃសិល្បៈជាតិ ឲ្យមានភាពរីកចម្រើនទៅមុខលើឆាកជាតិ និងឆាកអន្តរជាតិ»។
សូមបញ្ជាក់ថា បទចម្រៀងដំបូងរបស់កូនស្រីច្បង លោក ខាន់ ជេមស៍ គឺកញ្ញា អេមី មានចំណងជើងថា «កុំចង់ត្រូវគ្នា» ដែលកំពុងផ្ទុះការចាប់អារម្មណ៍ពីសំណាក់ប្រិយមិត្តអ្នកស្ដាប់ និងយុវវ័យនៅពេលនេះ គឺបានចូលរួមក្នុងការផលិតពីសំណាក់អ្នកនិពន្ធ ដែលមានឈ្មោះល្បីៗ ហើយចំពោះបទក្រោយៗបន្តទៀត ក៏នឹងឆ្លងកាត់ការតាក់តែងរៀបចំយ៉ាងយកចិត្តទុកដាក់ មិននឲ្យប្រិយមិត្តអ្នកស្ដាប់ខកបំណងឡើយ៕