(ដូហា)៖ ក្រុមជម្រើសជាតិម៉ិចស៉ីច និងអាហ្សង់ទីន នឹងប្រកួតគ្នាក្នុងព្រឹត្តិការណ៍ World Cup 2022 សម្រាប់ពូល C នៅថ្ងៃអាទិត្យ ទី២៧ ខែវិច្ឆិកា ឆ្នាំ២០២២ខាងមុខនេះ។ ប៉ុន្តែ មុននឹងការប្រកួតមកដល់ ៣ថ្ងៃ អ្នកគាំទ្រជម្រើសជាតិទាំងពីរ បានវាយគ្នាផ្អើលតាមដងផ្លូវមួយកន្លែង ក្នុងប្រទេសកាតា។

តាមរយៈវីដេអូបង្ហោះលើបណ្តាញសង្គម នៅថ្ងៃព្រហស្បត្តិ៍នេះ បង្ហាញថា ក្រុមទាំងពីរបានវាយគ្នា ហើយបើទោះគ្មានសេចក្តីរាយការណ៍ផ្លូវការក្តី ក៏មានការអះអាងថា មានអ្នករងរបួសផងដែរ។

បន្ថែមលើនេះ ក៏មិនមានវត្តមានអាជ្ញាធរនៃប្រទេសរៀបចំការប្រកួតចូលទៅអន្តរាគមន៍ដែរ ប៉ុន្តែស្ថានភាពក្នុងវីដេអូមើលទៅស្មុគស្មាញណាស់ ខណៈសល់ ៣ថ្ងៃទៀត ការប្រកួតជម្រើសជាតិទាំងពីរ នឹងធ្វើឡើងនៅកីឡដ្ឋាន Lusail Stadium ហើយមានអ្នកគាំទ្រ ៨០,០០០នាក់ ចូលទស្សនា ដើម្បីមើលជម្រើសជាតិពួកគេថា ចាញ់ឬឈ្នះ ដើម្បីបន្តទៅវគ្គ ១៦ក្រុម។

សំឡេងជេរគ្នា និងប្រមាថគ្នា បានកើតឡើងក្នុងវីដេអូ ហើយក្នុងនោះគេលឺសំឡេងជនជាតិម៉ិចស៉ីច ប្រមាថនិងហៅឈ្មោះ Lionel Messi ផងដែរ។

សូមជម្រាបថា ក្រុមបាល់ទាត់ជម្រើសជាតិអាហ្សង់ទីន បានប្រកួតចាញ់ក្រុមអារ៉ាប៊ីសាអូឌីត ក្នុងលទ្ធផល ២-១ នៃការប្រកួតបើកឆាកសន្សំពិន្ទុពូល C កាលពីថ្ងៃអង្គារ ខណៈជំនួបរវាងម៉ិចស៉ិច និងប៉ូឡូញស្មើគ្នា ០-០ បើកផ្លូវឲ្យអារ៉ាប៊ីសាអូឌីតឈរកំពូលតារាងនៃពូល C ជាបណ្តោះអាសន្ន កាលពីថ្ងៃសៅរ៍៕