(ភ្នំពេញ)៖ ក្រុមបាល់ទាត់ វិសាខា បានការពារតំណែងជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន-Hun Sen Cup លើកទី១៦ (ថ្នាក់ជាតិ) ឆ្នាំ២០២២ ដោយជោគជ័យ បន្ទាប់ពីយកឈ្នះក្រុមបឹងកេត ដោយលទ្ធផល ៤-៣ ក្នុងវគ្គផ្ដាច់ព្រ័ត្រមុននេះបន្ដិច នៅកីឡដ្ឋាន Smart RSN។
ជំនួបកាត់សេចក្ដីលើទឹកដីកណ្ដាលនេះ បឹងកេត បានស៊ុតបំប៉ោងសំណាញ់ទីក្រុមជើងឯក ២សម័យ ២គ្រាប់មុន ដែលធ្វើសម្រេចដោយកីឡាករ សៀង ចន្ធា ដោយនាទី១៤ និងនាទី៣១។ ចូលវគ្គទី២ ក្រុមទាំងពីរ បានវាយសម្រុកគ្នាកាន់តែខ្លាំង ពិសេសវិសាខា ដែលព្យាយាមវាយបករកបាន ២គ្រាប់វិញ ដោយកីឡាករ ស៊ិន សុផាណាត់ នៅនាទី៧៩ ពិសេសគ្រាប់បាល់ក្រឡកបង្គោលទីប៉ះអ្នកចាំទី កែវ សុខសិលា នៅនាទី៩០+៦ ដែលជាគ្រាប់តាមស្មើ នាំឲ្យការប្រកួតឈានដល់ការម៉ោង ១៥នាទី ២ដង។
ឈានដល់ការប្រកួតកាត់សេចក្ដីម៉ោងបន្ថែម ៣០នាទីចុងក្រោយ វិសាខា បានស៊ុតគ្រាប់បាល់នាំមុខបឹងកេតវិញ នៅនាទី៩៨ ដោយកីឡាករ ធារី ចន្ថាប៊ីន មុនកីឡាករ ឱ ភារុណ រកបានគ្រាប់តាមស្មើឲ្យបឹងកេត នៅនាទី១០២។ ប៉ុន្ដែឱកាសដណ្ដើមជើងឯករបស់ក្រុមនាគខៀវ ត្រូវបានបញ្ចប់ បន្ទាប់ពីកីឡាករ កែវ សុខផេង បន្ថែមគ្រាប់ទី៤ ឲ្យវិសាខា នៅនាទី១០៤ ដែលជាគ្រាប់បាល់ជ័យជម្នះ នៃការប្រកួតវគ្គផ្ដាច់ព្រ័ត្រតែម្ដង បន្ទាប់ពីអាជ្ញាកណ្ដាលផ្លុំកញ្ចែបញ្ចប់ការប្រកួត វិសាខា ឈ្នះបឹងកេត ៤-៣។
តាមរយៈជោគជ័យនេះ នាំឲ្យក្រុមវិសាខា ក្លាយជាក្លិបដំបូងគេ ដែលបានគ្រងជើងឯកពានរង្វាន់សម្ដេចតេជោ ហ៊ុន សែន ៣សម័យកាលជាប់គ្នា សម្រាប់រដូវកាលឆ្នាំ២០២០, ២០២១ និងឆ្នាំ២០២២ ដ្បិតកន្លងមកមាន ២ក្រុម ដែលធ្លាប់ឈ្នះពាននេះត្រឹម ២សម័យកាលជាប់គ្នា គឺក្រុមភ្នំពេញក្រោន គ្រងជើងនៅឆ្នាំ២០០៨-២០០៩ និងក្រុមព្រះខ័នរាជស្វាយរៀង គ្រងជើងឯកនៅឆ្នាំ២០១១-២០១២។
ជាមួយការលើកពានសម្ដេចតេជោនាយករដ្ឋមន្ដ្រីនេះដែរ វិសាខា ទទួលបានពាន ១ មេដាយមាស ៤០គ្រឿង អមប្រាក់រង្វាន់ ១១០លានរៀល ។ រីឯចំណាត់ថ្នាក់លេខ២ ក្រុមបឹងកេត ទទួលបានមេដាយប្រាក់ ៤០គ្រឿង អមប្រាក់រង្វាន់ ៧០លានរៀល។ ចំណែកលេខ៣ បានទៅក្រុមភ្នំពេញក្រោន ដែលយកឈ្នះក្រុមអគ្គិសនីកម្ពុជា ក្នុងលទ្ធផល ៥-០ ទទួលបានមេដាយសំរឹទ្ធ ៤០គ្រឿង អមប្រាក់រង្វាន់ ៤០លានរៀល។
ពិធីបិទការប្រកួត និងប្រគល់រង្វាន់ជយលាភីខាងលើ ធ្វើឡើងក្រោមវត្តមានលោកនាយឧត្តមសេនីយ៍ សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជា ហើយក៏មានការចូលរួមពីលោក ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញផងដែរ៕