(ភ្នំពេញ)៖ ក្រុមការងារសហភាពសហព័ន្ធយុវជនកម្ពុជាវិស័យវប្បធម៌ និងវិចិត្រសិល្បៈ (ស.ស.យ.ក) បានបង្ហាញការគាំទ្រយ៉ាងពេញទំហឹង ចំពោះភាពយន្តរឿង «លោកគ្រូប្រពន្ធល្អ» ដែលខ្សែភាពមួយនេះ មានតារាចម្រៀងអាយ៉ៃ ព្រហ្ម ម៉ាញ ទទួលតំណែងជាតួឯកសម្ដែង។

ជាក់ស្តែង នៅថ្ងៃទី០៧ ខែតុលា ឆ្នាំ២០២២ លោកបណ្ឌិត ហ៊ឺ វីរៈ រដ្ឋលេខាធិការ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រធានក្រុមការងារ ស.ស.យ.ក វិស័យវប្បធម៌ និងវិចិត្រសិល្បៈ បានអញ្ជើញផ្តល់វត្តមានជាកិត្តិយស ដោយមានការចូលរួមពី លោក ទិត្យ ថាវរិទ្ធ ដែលជាអនុប្រធាន និងសមាជិក សមាជិកា ស.ស.យ.ក វិស័យវប្បធម៌ និងវិចិត្រសិល្បៈជាច្រើននាក់ អ្នកដឹកនាំរឿង ភាគីតំណាងខាងរោងកុនផងដែរ ក្នុងការចូលរួមទស្សនាភាពយន្តរឿង «លោកគ្រូប្រពន្ធល្អ»។

សកម្មភាពនេះ ធ្វើឡើងក្នុងគោលបំណងជួយគាំទ្រ និងលើកស្ទួយវិស័យភាពយន្តដែលជាទម្រង់សិល្បៈទី៧ ដោយសិល្បៈនេះបានបូកបញ្ចូលគ្នា រវាងសិល្បៈទាំង៦ ក្លាយជាទស្សនីយភាព និងរូបភាពដ៏រស់រវើកថ្មីមួយផ្សេងទៀត។

ស.ស.យ.ក វិស័យវប្បធម៌ និងវិចិត្រសិល្បៈ បា​នអះអាងថា ភាពយន្តនេះ ស្តែងពីទិដ្ឋភាពរបស់ជ្រុងមួយនៃសង្គមដែលមានច្រើនរសជាតិគួរឱ្យចង់ទស្សនា ក៏បង្ហាញពីតម្លៃពិត និងទំនួលខុសត្រូវរបស់គ្រូដ៏ស្មោះត្រង់ម្នាក់ចំពោះខ្លួនឯង គ្រួសារ និងសង្គមជាតិ ក្នុងតួនាទីជាប្តី ជាឪពុក ជាមិត្តភក្តិ ជាគ្រូ និងជាកោសិកាដ៏ល្អសម្រាប់សង្គមជាតិ ដែលហ៊ានប្រឈមមុខដោះស្រាយគ្រប់បញ្ហា។ ជាលទ្ធផលគាត់ក៏ទទួលនូវផ្លែផ្កាជីវិតពិតនាវេលាក្រោយ ដោយកើតចេញពីភាពស្មោះត្រង់របស់គាត់ ក៏ជាគតិដ៏ល្អសម្រាប់មេរៀនដល់យើងទាំងអស់គ្នាថា «តម្លៃពិតនៃភាពស្មោះត្រង់ និងអំពើល្អមិនសាបសូន្យឡើយ»

សិស្សត្រូវការគ្រូដើម្បីតម្រង់ផ្លូវ ចំណែកគ្រូត្រូវការសិស្សដើម្បីបន្តអាជីពចិញ្ចឹមជីវិតនិងគ្រួសារ បើគ្មានសិស្សក៏គ្មានគ្រូ បើគ្មានគ្រូក៏គ្មានអាជីពផ្សេងទៀតដែរ។

សូមជម្រាបថា រឿង «លោកគ្រូប្រពន្ធល្អ» ចូលរួមសម្តែងដោយតារាល្បីៗជាច្រើនរូប ដូចជាលោក ព្រហ្ម ម៉ាញ, លោក ទេព រិនដារ៉ូ, អ្នកនាង គ្រត និងតារាវ័យក្មេងជាច្រើនរូបទៀត។ នេះគឺជាភាពយន្តថ្មីមួយ ដែលមានការចូលរួមសហការរវាង ២ ផលិតកម្មចូលគ្នា គឺផលិតកម្ម ដើមត្នោត របស់លោក ឆាយ បូរ៉ា និងផលិតកម្ម កងចក្រ៕