(បរទេស)៖ iPhone 14 Pro និង iPhone 14 Pro Max របស់ Apple បានដាក់លក់ជាផ្លូវការកាលពីប៉ុន្មានសប្តាហ៍កន្លងទៅនេះ ហើយចាប់តាំងពីការចេញផ្សាយរបស់ពួកគេមក អ្នកប្រើប្រាស់បានប្រឈមមុខនឹងបញ្ហាជាច្រើន រាប់ចាប់ពីថ្មខ្សោយ, AirDrop មិនដំណើរការ, កាមេរ៉ាញ័រ រួមទាំងបញ្ហាស៊ីមកាតផងដែរ។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Gizchina នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ២០២២។

Apple បានប្រកាសចេញ iPhone ជំនាន់ក្រោយរបស់ខ្លួន ៤ម៉ូដែលរួមមាន iPhone 14, iPhone 14 Plus, iPhone 14 Pro និង iPhone 14 Pro Max ប៉ុន្តែចំពោះម៉ូដែល iPhone 14/ Plus ហាក់ដូចមិនសូវទទួលបានការគាំទ្រនោះទេ ខណៈដែលម៉ូដែល Pro កំពុងទទួលបានការបញ្ជាទិញជាច្រើនពីអតិថិជនទូទាំងប្រទេស។ ទំាងនេះក៏ដោយសារតែម៉ូដែល iPhone 14 ធម្មតាមិនសូវទទួលបានការកែលម្អនូវមុខងារថ្មីៗ ចំណែកម៉ូដែល Pro ទាំង ២នោះវិញទទួលបានការអាប់ដេតជាច្រើនរួមមាន កាមេរ៉ាទំហំ 48MP, មុខងារ Smart Island ដែលជំនួសឱ្យរូបរាងថ្ងាសឆក, អេក្រង់កម្រិតខ្ពស់ refresh rate 120Hz រូមទាំងមុខងារថ្មីៗជាច្រើនទៀត។

តែយ៉ាងណាមិញបើយោងតាមរបាយការណ៍ចេញផ្សាយចុងក្រោយនេះ Apple កំពុងប្រឈមមុខនឹងការត្អូញត្អែជាច្រើនពីសំណាក់អ្នកប្រើប្រាស់ជាមួយនឹងកំណែ iOS 16 beta ដែលដាក់ចេញមកជាមួយ iPhone 14 Pro និង iPhone 14 Pro Max ថ្មីនេះ ហើយថែមទាំងអាចប្រឈមមុខនឹងការកាត់បន្ថយផលិតកម្មក្នុងចំនួនដ៏ច្រើនទៀតផងដោយក្នុងនោះរួមមាន៖

• បញ្ហាសាកថ្ម
អ្នកប្រើប្រាស់ iPhone 14 Pro មួយចំនួនរបស់ Apple បានឱ្យដឹងថា ថ្មដែលមកជាមួយ iOS 16 កំពុងជួបបញ្ហាសាកថ្មមិនឡើងជាមួយនឹងការសាកថ្មតាមរយៈ MagSafe ឬ Lightning។

ខណៈអ្នប្រើប្រាស់ម្នាក់ទៀតអះអាងថា iPhone 14 Pro Max ដែលដំណើរការដោយ iOS 16.0.1 នឹងត្រូវបាន Restart ដោយខ្លួនឯងរៀងរាល់ ១០ ទៅ ២០នាទី ក្នុងអំឡុងពេលសាកថ្ម។ ហើយបើទោះបីជា Apple ដាក់ចេញនូវ iOS 16.0.2 ឬ iOS 16.1 ហើយក៏ដោយក៏ពួកគេនៅតែជួបបញ្ហានេះដដែល។

• បញ្ហាស៊ីមកាត
កំណែ iPhone 14 Pro/ Pro Max ប្រទេសចិនកំពុងជួបបញ្ហាស្មាតហ្វូនដែលមានស៊ីមពីរ ខណៈតាមបណ្តាលប្រទេសមួយចំនួនទៀតគេគាំទ្រតែប្រភេទ e-SIM ហើយមានតែប្រទេសចិនមួយប៉ុណ្ណោះដែលគាំទ្រដំណើរការស៊ីមពីរ។ ដោយឡែកទាំងនេះហាក់ដូចជាមាន «កំហុស» នៃផលិតកម្ម ដោយសារតែអ្នកប្រើប្រាស់ចិនមួយចំនួនធំបានទទួលស្មាតហ្វូន iPhone 14 ថ្មីជាមួយស៊ីមកាតតែមួយប៉ុណ្ណោះ។

បើយោងតាមមតិអ្នកលេងអ៊ីនធឺណិតបានឱ្យដឹងថា ជ្រុងម្ខាងនៃស៊ីមកាតទីពីរ ដែលបានផលិតឡើងវាហាក់ដូចជារូបរាងបញ្ឆោតតែប៉ុណ្ណោះ ជាក់ស្តែងអាចប្រើប្រាស់ស៊ីមកាតបានតែមួយ។ ហើយចាប់តាំងពីមានការត្អូញត្អែរពីអ្នកប្រើប្រាស់ចិនជាច្រើនតាមអ៊ីនធឺណិតមកទីផ្សារចិនបានបញ្ឈប់ការដឹកជញ្ជូនគិតមកទល់ពេលនេះ។

• មុខងារ Smart Island មិនអាចបិទ
មុខងារថ្មីដែល Apple បានប្តូរនៅលើ iPhone 14 Pro/ Pro Max ពីអេក្រង់ Punch-Hole ដែលមានថ្ងាសឆកជំនួសមកវិញដោយ «Smart Island» ដែលមានសមត្ថភាពរំលឹក, ការជូនដំណឹង និង បង្ហាញពីព្រឹត្តិការណ៍សំខាន់ផ្សេងៗដូចជាកីឡាជាដើមនោះ កំពុងជួបបញ្ហារំខានមួយចំនួន។ ដោយអ្នកប្រើប្រាស់នាំគ្នាត្អូញត្អែរថា មាតិការដែលបង្ហាញនៅលើ Samrt Island អាចធ្វើឱ្យរំខាន ជាពិសេសនៅពេលដែលពួកគេកំពុងផ្តោតទៅលើមាតិការផ្សេងៗនៅលើអេក្រង់ iPhone ខណៈដែលពួកគេមិនអាចបិទមុខងារនៅលើ Smart Island នេះបាន។

• បញ្ហាញ័រកាមេរ៉ា
ម្ចាស់ iPhone 14 មួយចំនួនបានកត់សម្គាល់ឃើញកាមេរ៉ាញ័រពេលប្រើក្នុងកម្មវិធី Instagram, TikTok និង Snapchat ដែលបណ្តាលឱ្យសាច់រូបភាពព្រិល រួមទាំងបង្កើតឱ្យមានសម្លេងរំខានថែមទៀតផង។ ប្រភពពី YouTuber ម្នាក់មានឈ្មោះថា Luke Miani បានបង្ហោះវីដេអូនៅលើ Twitter ដោយបង្ហាញពីរបៀបដែលកាមេរ៉ា iPhone 14 Pro Max របស់លោក ញ័រនៅពេលដែលថតរូបនៅលើ Snapchat ដែលបណ្តាលឱ្យរូបថតរបស់លោកមិនច្បាស់ ហើយលោកថែមទាំងគូសបញ្ជាក់ទៀតថា «វាមានសម្លេងរំខាននៅពេលដែលថតរូប»។ តែយ៉ាងណាបញ្ហានេះត្រូវបាន Apple ដោះស្រាយជាមួយនឹង iOS 16.0.2 ប៉ុន្មានថ្ងៃក្រោយមានការត្អូញត្អែរជាច្រើនពីអ្នកប្រើប្រាស់។

• បញ្ហា AirDrop មិនដំណើរការ
អ្នកប្រើប្រាស់កំពុងរាយការណ៍ថា មុខងារ AirDrop នៅលើ iPhone 14 Pro/ Pro Max ហាក់មិនដំណើរការនៅពេលដែលពួកគេត្រូវការប្រើប្រាស់មុខងារនេះទៅកាន់ iPhone ផ្សេងទៀតដោយលោតពាក្យថា «រង់ចាំ» ហើយពេលខ្លះទៀតមិនមានបង្ហាញអ្វីទាំងអស់៕

បើយោងតាមរបាយការណ៍ចេញផ្សាយចុងក្រោយនាពេលថ្មីៗនេះ Apple ទំនងជាកាត់បន្ថយការផលិត iPhone 14 ក្នុងចំនួនច្រើនរហូតដល់ទៅ ៦លានគ្រឿងនៅត្រីមាសទី ២ឆ្នាំនេះ បន្ទាប់ពីភាគហ៊ុនរបស់ខ្លួនធ្លាក់ចុះខ្ទង់ ៤ភាគរយឯណោះ៕