(ភ្នំពេញ)៖ តារាសម្ដែង និងជាតារាកំប្លែង លោក អៀង ចេនឡា បានទទួលមរណភាពហើយ នៅវេលាម៉ោង៨៖៣៨នាទី យប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២នេះ ក្រោយក្រុមគ្រូពេទ្យនៃមន្ទីរពេទ្យកាល់ម៉ែត ជួយសង្គ្រោះអស់ពីលទ្ធភាព ទៅលើជំងឺរលាកស្រោមខួរក្បាលដ៏ធ្ងន់ធ្ងររបស់លោក អស់រយៈពេលជាច្រើនថ្ងៃកន្លងមក។
លោក សុខ រ៉ាស៊ី ជាប្អូនប្រុសបង្កើតរបស់លោក អៀង ចេនឡា បានថ្លែងប្រាប់ Fresh News Plus ឲ្យដឹងនៅមុននេះបន្តិចថា ជាការពិតបងប្រុសរបស់ខ្លួន គឺលោក អៀង ចេនឡា បានទទួលមរណភាពហើយនៅយប់ថ្ងៃនេះ បន្ទាប់ពីក្រុមគ្រូពេទ្យជួយសង្គ្រោះអស់ពីលទ្ធភាពរួចមក។
លោក សុខ រ៉ាស៊ី និយាយថា «បងខ្ញុំដកអុកស៊ីសែន ផុតនៅម៉ោង ៨៖៣៨នាទីយប់។ ពិធីបុណ្យ ប្រារព្ធឡើងនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ៣ ខណ្ឌពោធិសែនជ័យ»។
តារាសម្តែង និងជាតារាកំប្លែង ធ្លាប់មានឈ្មោះល្បីល្បាញ លោក អៀង ចេនឡា បានចូលសម្រាកព្យាបាលផ្នែកសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត្រ កាលពីថ្ងៃទី១៥ ខែកុម្ភៈឆ្នាំ២០២២ ដោយសារមានជំងឺរលាកស្រោមខួរក្បាលធ្ងន់ធ្ងរ។ សមាជិកគ្រួសារ បានបញ្ជាក់ថា លោកមានសភាពធ្ងន់ធ្ងរ ហាក់អស់សង្ឃឹម និងគួរឲ្យបារម្ភជាខ្លាំង ដោយសាមីខ្លួនផ្ទាល់និយាយរវើរវាយ លែងមានម្ចាស់ការលើខ្លួនឯង។
គួរជម្រាបថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ តារាសម្តែង អៀង ចេនឡា បានបាត់មុខមាត់ពីវិស័យសិល្បៈ ដោយសារតែសំងំព្យាបាលជំងឺរបស់ខ្លួន ខណៈពេលចេញក្រៅម្តងៗ លោកតែងតែបន្សល់ទុកនូវចម្ងល់ដល់មហាជន ដោយសារតែមានរូបរាងស្គមខុសធម្មតា។ តែយ៉ាងណា មួយរយៈចុងក្រោយនេះ លោកបញ្ជាក់ថា ខ្លួនមានជំងឺប្រចាំកាយ រហូតបច្ចុប្បន្ននេះ កំពុងសង្គ្រោះបន្ទាន់នៅក្នុងមន្ទីរពេទ្យ៕