(ប៊ែកឡាំង)៖ ក្លិបបាល់ទាត់អាល្លឺម៉ង់ Schalke 04 បានលើកឡើងនៅថ្ងៃចន្ទនេះថា ពួកគេបានលុបចោលកិច្ចសន្យាភាពជាដៃគូរបស់ពួកគេ ជាមួយនឹងក្រុមហ៊ុនថាមពលរុស្ស៊ី Gazprom មុនការគ្រោងទុក។ នេះបើយោងតាមសារព័ត៌មាន CNA ចេញផ្សាយនាយប់ថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ នេះ។
«គណៈគ្រប់គ្រង និងក្រុមប្រឹក្សាភិបាលបាននឹងកំពុងពិភាក្សាគ្នាជាមួយនឹងតំណាងនៃម្ចាស់ឧបត្ថម្ភសំខាន់ៗនាពេលបច្ចុប្បន្ន។ ព័ត៌មានលម្អិតបន្ថែមទៀត នឹងផ្សព្វផ្សាយនាពេលក្រោយ» នេះបើតាមក្លិប Schalke បានបង្ហោះលើ Twitter។
ក្លិប Schalke ដែលកំពុងលេងនៅលីគលំដាប់ទី២ របស់អាល្លឺម៉ង់នេះបានឲ្យដឹងក្នុងសេចក្តីថ្លែងការណ៍ថា ការសម្រេចចិត្តនេះ មិនប៉ះពាល់ដល់សមត្ថភាពហិរញ្ញវត្ថុរបស់ក្លិបនោះទេ។
គួររំលឹកថា ក្លិប Schalke កាលពីថ្ងៃព្រហស្បតិ៍បានដកនិមិត្តសញ្ញារបស់ក្រុមហ៊ុន Gazprom ចេញពីអាវយឺតកីឡាកររបស់ពួកគេរួចហើយ បន្ទាប់ពីរុស្ស៊ីបានឈ្លានពានអ៊ុយក្រែន។
ក្រុមហ៊ុនឧស្ម័នខ្នាតយក្សរបស់រុស្ស៊ី Gazprom បានឧបត្ថម្ភក្លិប Schalke ចាប់តាំងពីឆ្នាំ២០០៧៕