(អាមេរិក)៖ ក្រុមហ៊ុនផលិតរថយន្ត Ford Motor បានឱ្យដឹងនៅថ្ងៃសុក្រថា ខ្លួននឹងបញ្ឈប់ការផលិតនៅរោងចក្រដំឡើងរថយន្តក្នុងទីក្រុង Kansas របស់ខ្លួនដែលផលិតរថយន្តភីកអាប់ F-150 សម្រាប់រយៈពេលមួយសប្តាហ៍ ខណៈដែលរោងចក្រ F-150 របស់ក្រុមហ៊ុន Ford នៅទីក្រុង Dearborn រដ្ឋ Michigan នឹងនៅតែបន្តដំណើរការជាធម្មតា។
នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Reuters នៅថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២។
មូលហេតុដែលបណ្តាលឱ្យក្រុមហ៊ុន Ford សម្រេចចិត្តផ្អាកដំណើរការរោងចក្រគឺដោយសារតែកំពុងជួបនូវបញ្ហាកង្វះខាតបន្ទះឈីបជាសកល ដោយឡែកកាលពីដើមខែក្រុមហ៊ុននេះក៏ធ្លាប់បានបង្ហាញដែរថា ខ្លួននឹងបន្តទុកចោលនូវរោងចក្រដំឡើងរថយន្តមួយចំនួនកាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២។ ជាក់ស្តែងកង្វះខាតបន្ទះឈីបបច្ចុប្បន្នបានធ្វើឱ្យមានផលប៉ះពាល់ខ្លាំងដល់ក្រុមហ៊ុនផលិតរថយន្តជាច្រើនទូទាំងពិភពលោកដែលបង្ខំឱ្យក្រុមហ៊ុនមួយចំនួនផលិតរថយន្តគ្មានលក្ខណៈពិសេសគ្រប់គ្រាន់។
គួរជម្រាបដែរថា ម៉ូដែល F-150 ជារថយន្តដែលលក់ដាច់ខ្លាំងបំផុតរបស់ Ford ហើយរួមជាមួយរថយន្ត និង ឡានធំៗផ្សេងទៀតបង្កើតបានជាប្រាក់ចំណេញជាសកល ខណៈដែលភាគហ៊ុននៅក្នុងក្រុមហ៊ុន Ford មានតម្លៃទីផ្សារកើនឡើងទ្វេដងកាលពីឆ្នាំមុន៕