(ភ្នំពេញ)៖ គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងសមាគមសហព័ន្ធកីឡាគ្រីឃីតកម្ពុជា (CFCA) នៅថ្ងៃទី២៨ ខែកុម្ភៈនេះ បានធ្វើការចុះអនុស្សារណៈយោគយល់គ្នា (MOU) ដើម្បីលើកកម្ពស់ការផ្សព្វផ្សាយ និងជំរុញការអភិវឌ្ឍវិស័យកីឡាគ្រីឃីតនៅកម្ពុជាឱ្យកាន់តែរីកចម្រើនថែមទៀត។

ការចុះអនុស្សារណៈយោគយល់គ្នានេះ បានធ្វើឡើងក្រោមវត្តមានលោក យី វាសនា អគ្គលេខាធិការគណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជា និងលោក សែន វិទ្យា ប្រធានសមាគមសហព័ន្ធកីឡាគ្រីឃីតកម្ពុជា ហើយក៏មានការធ្វើបទបង្ហាញអំពីប្រវត្តិ និងទិសដៅអភិវឌ្ឍន៍កីឡាគ្រីឃីត ពីអនុប្រធានសមាគមលោក Madhu Aman ផងដែរ។

លោក សែន វិទ្យា បានបញ្ជាក់ថា គោលបំណងនៃកិច្ចសហការនេះ គឺដើម្បីបង្កើនទំនាក់ទំនងរវាងស្ថាប័នទាំងពីរ ក្នុងការផ្សព្វផ្សាយ លើកកម្ពស់ និងអភិវឌ្ឍន៍កីឡាគ្រីឃីតនៅកម្ពុជា ព្រមទាំងចូលរួមង្កើតឱ្យមានក្រុមកីឡាគ្រីឃីតជាតិសម្រាប់ជនពិការ ដើម្បីចូលរួមការប្រកួតអន្តរជាតិនានា ពិសេសការប្រកួតពានរង្វាន់ T-20 Asia Cup នាដើមឆ្នាំ២០២៣ ខាងមុខ។

លោកបន្ថែមថា តាមរយៈការគាំទ្រ និងការចូលរួមកិច្ចសហប្រតិបត្តិការរបស់គណៈកម្មាធិការជាតិប៉ារ៉ាឡាំពិកកម្ពុជានេះ សមាគមសហព័ន្ធកីឡាគ្រីឃីតកម្ពុជា នឹងក្លាយជាស្ថាប័នគ្រប់គ្រងតែមួយគត់ក្នុងប្រទេសកម្ពុជា ដើម្បីតែងតាំងក្រុមកីឡាគ្រីឃីតជាតិសម្រាប់ជនពិការ។

ជាមួយគ្នានោះ លោក យី វាសនា បានបង្ហាញនូវសុទិដ្ឋិនិយមខ្ពស់ ចំពោះកិច្ចសហការនេះ ដែលនឹងផ្ដល់នូវឱកាសដ៏មានសារៈសំខាន់សម្រាប់ជនពិការ ក្នុងការចាប់យកអាជីពថ្មីមួយទៀត គឺកីឡាគ្រីឃីត ហើយវិវឌ្ឍន៍ក្លាយទៅជាកីឡាករ-កីឡាការិនីជនពិការជម្រើសជាតិ ដើម្បីចូលរួមព្រឹត្តិការណ៍អន្ដរជាតិនានានាពេលឆាប់ៗខាងមុខ។

សូមបញ្ជាក់ថា ក្រោយធ្វើការចុះអនុស្សារណៈយោគយល់គ្នា សមាគមសហព័ន្ធកីឡាគ្រីឃីតកម្ពុជា ក៏បានប្រកាសតែងតាំងលោក យី វាសនា ជាប្រធានក្រុមប្រឹក្សាភិបាលនៃសមាគមសហព័ន្ធកីឡាគ្រីឃីតកម្ពុជា រួមជាមួយការប្រគល់នូវបណ្ណសរសើរថែមទៀតផង។

បច្ចុប្បន្ន CFCA ត្រូវបានទទួលស្គាល់ និងចូលជាសមាជិកភាពពេញសិទ្ធិតំណាងឱ្យកម្ពុជារបស់សហព័ន្ធគ្រប់គ្រងកីឡាអាស៊ីសម្រាប់កីឡាជនពិការ(Asian Turf & Track Federation (ATTF) ហើយត្រូវបានទទួលស្គាល់ និងចូលជាសមាជិកភាពពេញសិទ្ធិតំណាងឱ្យកម្ពុជា របស់ក្រុមប្រឹក្សាកីឡាគ្រីឃីតជនពិការអន្តរជាតិ (International Wheelchair Cricket Council (IWCC) ផងដែរ៕