(អាមេរិក)៖ តារាសម្តែងល្បីឈ្មោះរបស់អាមេរិក លេចវត្តមានក្នុងរឿង «Fast & Furious 9» ឬ F9 និងជាកីឡាកាសគឺលោក ចន ស៉ីណា បានរកការរិះគន់យ៉ាងចាស់ដៃ ពីអ្នកលេងបណ្តាញសង្គម បន្ទាប់ពីតារារូបនេះ ប្រើប្រាស់គណនី Twitter របស់ខ្លួនបញ្ចេញមតិមួយចំនួន ដែលត្រូវបានគេអះអាងថា យករឿងរ៉ាវសង្គ្រាមនៅអ៊ុយក្រែន ដើម្បីផ្សព្វផ្សាយកម្មវិធីទូរទស្សន៍របស់ខ្លួន ពោលគឺប្រូម៉ូតពីតួអង្គ Peacemaker ដែលលោកសម្តែង។
យោងតាមការចេញផ្សាយរបស់សារព័ត៌មាន Straits Times នៅថ្ងៃទី២៨ ខែកុម្ភៈ ឆ្នាំ២០២២ បានឲ្យដឹងថា លោក ចន ស៉ីណា វ័យ៤៤ឆ្នាំ បានបង្ហោះសារ Twitter នៅយប់ថ្ងៃព្រហស្បតិ៍សប្តាហ៍មុននេះ ដោយនិយាយថា ប្រសិនបើលោកអាចហៅថាមពលនៃជីវិតពិត Peacemaker លោកគិតថា នេះគឺជាពេលវេលាដ៏អស្ចារ្យបំផុត។ ខណៈតួអង្គ Peacemaker ដែលលោកសម្តែង គឺជាបុរសដែលធ្វើអ្វីគ្រប់យ៉ាង ទោះក្នុងតម្លៃណាក៏ដោយដើម្បីសន្តិភាព។
ក្រោយពីបង្ហោះសារបែបនេះភ្លាម អ្នកលេងបណ្តាញសង្គមជាច្រើន បាន Comment រិះគន់តារារូបនេះ ថាឆ្លៀតឱកាសយករឿងរ៉ាវសង្គ្រាមពិតប្រាកដនៅអ៊ុយក្រែន ដោយមានមនុស្សច្រើននាក់បាត់បង់ជីវិត មកដើម្បីផ្សព្វផ្សាយរឿងទូរទស្សន៍របស់ខ្លួន។
ដោយអ្នកខ្លះបាននិយាយទៅកាន់ ចច ស៉ីណា វិញថា «អ្នកមិនមានសិទ្ធអំណាចដើម្បីធ្វើឲ្យមានសន្តិភាពនោះទេ តែអ្នកមានប្រជាប្រិយភាព និងមានលុយ ដូច្នេះគួរបរិច្ចាគ ដើម្បីជួយប្រជាជនអ៊ុយក្រែន...»។ ទោះយ៉ាងដោយ តារាសម្តែងសាច់ដុំរូបនេះ មិនបានតបតទៅនឹងសាររិះគន់មកលើខ្លួននោះទេ៕