(ភ្នំពេញ)៖ ក្រុមហ៊ុន សែលកាត ដែលជាក្រុមហ៊ុនទូរគមនាគមន៍គ្រប់គ្រងដោយជនជាតិខ្មែរ ១០០% បានរៀបចំកម្មវិធីចាប់រង្វាន់ Dealer Raffle ប្រចាំឆ្នាំរបស់ខ្លួន ដើម្បីបង្ហាញពីការថ្លែងអំណរគុណសម្រាប់កំណើននៃការលក់ និងជាការលើកទឹកចិត្តដល់ភ្នាក់ងារចែកចាយរបស់ខ្លួននៅទូទាំងប្រទេសផងដែរ។

កម្មវិធីចាប់រង្វាន់នេះបានធ្វើឡើងកាលពីដើមសប្តាហ៍មុននេះ នៅការិយាល័យកណ្តាលរបស់សែលកាត ក្នុងរាជធានីភ្នំពេញ និងបានផ្សាយផ្ទាល់តាមរយៈហ្វេសប៊ុក ក្រុមភ្នាក់ងារចែកចាយ សែលកាត។ កម្មវិធីនេះត្រូវបានធ្វើឡើងតាមរយៈអនឡាយ និងចូលរួមទស្សនាដោយភ្នាក់ងារស្ទើរតែទាំងអស់នៅទូទាំងប្រទេស ហើយក្រុមការងារក៏ប្រគល់រង្វាន់ ដល់ភ្នាក់ងារ ដែលឈ្នះរង្វាន់ ទៅដល់ហាងរបស់ពួកគាត់ផ្ទាល់តែម្តង។

អ្នកឈ្នះរង្វាន់សរុបមានចំនួន ២៥៣នាក់មកពីខេត្តផ្សេងៗគ្នា រួមមាន៖ រាជធានីភ្នំពេញ បាត់ដំបង សៀមរាប បន្ទាយមានជ័យ ព្រះវិហារ តាកែវ ពោធិ៍សាត់ និងកំពង់ឆ្នាំង។
រង្វាន់ដែលឈ្នះរួមមាន រថយន្ត Ford EcoSport 2021 មួយគ្រឿង ម៉ូតូ Honda ADV 2021 ម៉ូតូ Honda Scoopy Club 2021 និងកាតកោស។

នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត លោក Simon Perkins បានឱ្យដឹងថា កម្មវិធីប្រចាំឆ្នាំនេះ ធ្វើឡើងដើម្បីថ្លែងអំណរគុណដល់បណ្តាភ្នាក់ងារចែកចាយទាំងអស់ ក៏ដូចជាឆ្លៀតឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន ជូនពរពួកគាត់ក្នុងអាជីវកម្មឱ្យកាន់តែរីកចម្រើន និងសុខភាពល្អ។

លោក Simon បានបន្ថែមថា ក្រុមភ្នាក់ងារចែកចាយនៅទូទាំងប្រទេស បានខិតខំប្រឹងប្រែងបំពេញការងារដោយមិនគិតពីភាពនឿយហត់ ក្នុងស្ថានភាពអាសន្ន កាលពីឆ្នាំ២០២១កន្លងមកនេះ ពួកគាត់នៅតែជាផ្នែកមួយដ៏សំខាន់របស់គ្រួសារសែលកាត។ កម្មវិធីនេះជាចំណែកដ៏តូចមួយដែលបង្ហាញ ពីការថ្លែងអំណរគុណ ចំពោះការប្តេជ្ញា ចិត្តរបស់ពួកគាត់។

លោក ហុង ហេង អាយុ ៣៦ឆ្នាំ ជាម្ចាស់ហាងលក់ទូរស័ព្ទមួយនៅខេត្តបាត់ដំបង ដែលបានឈ្នះរង្វាន់ធំគឺរថយន្ត Ford EcoSport 2021 បានឱ្យដឹងថា លោកពិតជាសូម ថ្លែងអំណរគុណដល់ក្រុមហ៊ុន សែលកាត សម្រាប់រង្វាន់ដ៏អស្ចារ្យនេះ មិននឹកស្មានសោះថាលោកពិតជាបានឈ្នះរង្វាន់ពិតមែន។ លោកពិតជារីករាយណាស់ ដែលអាចស្វែងរកអតិថិជនថ្មីៗ និងនៅតែបន្តគាំទ្រ ដល់អតិថិជនដែលមានស្រាប់របស់លោក។

ចំណែកភ្នាក់ងារចែកចាយ ខាងខេត្តសៀមរាប មានឈ្មោះ ឡេត ឡូ មានអាយុ ៣២ឆ្នាំ បានឈ្នះរង្វាន់ម៉ូតូ Honda Scoopy Club 2021 សម្រាប់ការចាប់រង្វាន់ប្រចាំ ត្រីមាស បានឱ្យដឹងថា រង្វាន់នេះគឺពិតជាហួសពីក្តីសុបិនរបស់លោកឆ្ងាយណាស់ លោកពិតជាសូមអរគុណដល់ក្រុមហ៊ុន សែលកាត ចំពោះរង្វាន់ដ៏ពិសេសនេះ។

លោក យ៉ែម ធូហេង អាយុ ៤៣ឆ្នាំ ម្ចាស់ហាងទូរស័ព្ទម្នាក់ទៀតមកពីខេត្តបាត់ដំបង បានឈ្នះរង្វាន់ម៉ូតូ Honda ADV 2021 ក៏បានបង្ហាញពីចំណាប់អារម្មណ៍រីករាយ ដែលបានក្លាយជាភ្នាក់ងារចែកចាយរបស់ សែលកាត ហើយវាពិតជាអស្ចារ្យណាស់ដែលលោកបានឈ្នះរង្វាន់នេះផងដែរ៕