(ភ្នំពេញ)៖ លោក អ៊ុក សិទ្ធិជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ យុវជន និងកីឡា បានកោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះការកែប្រែរបស់សហព័ន្ធកីឡាគុនល្បុក្កតោកម្ពុជា ក្នុងការរៀបចំការប្រកួត និងសមត្ថភាពរបស់កីឡាករ-កីឡាការិនី ដែលជាសញ្ញាណវិជ្ជមាន សម្រាប់ការត្រៀមលក្ខណៈធ្វើម្ចាស់ផ្ទះព្រឹត្តិការណ៍ស៊ីហ្គេម ឆ្នាំ២០២៣ នៅកម្ពុជា។
ការលើកឡើងនេះ ក្រោយពិធីបិទការប្រកួតកីឡាគុនល្បុក្កតោជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ បន្ទាប់ពីដំណើរការប្រកួតរយៈពេល ៣ថ្ងៃចាប់ពីថ្ងៃទី២៥-២៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅមជ្ឈមណ្ឌលជាតិហ្វឹកហាត់កីឡាការ៉ាតេ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ដែលធ្វើឡើងក្រោមវត្តមានលោក កែវ រ៉េមី រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអនុប្រធានសហព័ន្ធ។
លោកបានបង្ហាញសុទិដ្ឋិនិយមថា «ក្នុងនាមអគ្គនាយកដ្ឋានកីឡានៃក្រសួងអប់រំ សូមអបអរសាទរ កោតសរសើរ និងវាយតម្លៃខ្ពស់ ចំពោះគណៈកម្មការដែលបានរៀបចំការប្រកួតនេះ។ ការប្រកួតនេះ យើងបានពិនិត្យឃើញហើយ ទាំងការរៀបចំ ការងាររដ្ឋបាល ការងារបច្ចេកទេស មានវឌ្ឍនភាព សម្រាប់ត្រៀមលក្ខណៈឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣។ អ៊ីចឹងឃើញថា មានការប្រែប្រួលជាវិជ្ជមានយ៉ាងច្រើន...»។
«ចំណុចទី២ យើងបានពិនិត្យឃើញថា កីឡាករ-កីឡាការិនីមានទេពកោសល្យ ទាំងក្បាច់គុនប្រយុទ្ធ ក៏ដូចជាការសម្ដែង ហើយបានបង្ហាញពីទេពកោសល្យ ភាពប៉ិនប្រសប់ សេចក្ដីក្លាហាន ដែលបង្ហាញពីភាពវាងវៃរបស់កីឡាករ-កីឡាការិនីរបស់យើង ដែលបង្ហាញដល់ទស្សនិកជនថា យើងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការធ្វើដំណើរឆ្ពោះទៅស៊ីហ្គេម ឆ្នាំ២០២៣»។ លោក អ៊ុក សិទ្ធិជាតិ បន្ថែម។
លោក អ៊ូ តារា អគ្គលេខាធិការរងសហព័ន្ធ បានបញ្ជាក់ថា ការប្រកួតជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ នេះ គឺមានកីឡាករ-កីឡាការិនីប្រមាណ ២០០នាក់ចូលរួម មកពី ២៨សាលាគុន ដែលប្រកួតលើ ២១វិញ្ញាសា ហើយលោកបានវាយតម្លៃខ្ពស់ ទាំងមន្ដ្រីបច្ចេកទេសរៀបចំ និងអាជ្ញាកណ្ដាល-ចៅក្រម ពិសេសកីឡាករ-កីឡាការិនី ដែលបង្ហាញនូវភាពរីកចម្រើនគួរឲ្យកត់សម្គាល់ ក្រោយឆ្លងកាត់ការប្រកួត ៣ថ្ងៃកន្លងមក។
ចំពោះលទ្ធផលនៃការប្រកួត គឺក្រុមកីឡាករ-កីឡាការិនីមកពីសាលាគុនតារាជ ខេត្តព្រះសីហនុ ដណ្ដើមបានមេដាយច្រើនជាងគេសរុប ១០គ្រឿង រួមមានមេដាយមាស៥, ប្រាក់៤ និងសំរឺទ្ធ១ ខណៈក្រសួងមហាផ្ទៃ ឈរលេខ២ ដណ្ដើមបានមេដាយមាស ៣, ប្រាក់ ១ និងសំរឹទ្ធ ៣ និងសាលាគុនព្រះស៊ីសុវត្ថិ ឈរលេខ៣ ដណ្ដើមបានមេដាយមាស ៣ និងសំរឹទ្ធ ១៕