(ភ្នំពេញ)៖ ពានរង្វាន់បាល់ទាត់សប្បុរសធម៌ Dana Try Charity Cup 2022 បានបើកការប្រកួតលើកដំបូង ដើម្បីស្វែងរកថវិកាជួយដល់មណ្ឌលកុមារកំព្រាមួយកន្លែង ដែលកំពុងខ្វះខាត នៅខេត្តកំពង់ស្ពឺ។ ការប្រកួតនេះគ្រោងរៀបចំ ១ខែពេញពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២២ ដោយមានបេក្ខភាព ៨ក្រុមចូលរួមនៅកីឡដ្ឋានវេស្ទើន។
លោកស្រី ទ្រី ដាណា អ្នកផ្ដួចផ្ដើមគំនិតបង្កើតពានសប្បុរសធម៌នេះបានលើកឡើងថា ការរៀបចំនេះផ្ដើមពីការស្រលាញ់ ហើយនេះជាលើកដំបូងហើយ ដែលលោកស្រីចូលរួមរៀបចំការប្រកួតបាល់ទាត់ ក្នុងគោលបំណងដើម្បីស្វែងរកថវិកាជួយដល់មណ្ឌលកុមារកំព្រា នៅខេត្តកំពង់ស្ពឺងផង និងដើម្បីរួមចំណែកលើកកម្ពស់ និងការអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជាផង។
ទន្ទឹមជាមួយគ្នា ដោយមានការគាំទ្រ និងមានការចាប់អារម្មណ៍ចង់ចូលរួមច្រើនពីសំណាក់ក្រុមបាល់ទាត់ពាក់កណ្ដាលអាជីពផ្សេងៗ លោកស្រីបានសន្យានឹងបន្ដរៀបចំពានសប្បុរសធម៌នេះរៀងរាល់ ៦ខែម្ដង។ អ្វីដែលពិសេសលោកស្រីបានបង្ហើប នឹងបង្កើតពានបាល់ទាត់ដ៏ធំមួយក្នុងពេលឆាប់ៗ ដើម្បីផ្ដល់ឱកាសឲ្យយុវជន និងអ្នកចូលចិត្តវិស័យកីឡានេះបានចូលរួមប្រកួត និងបង្ហាញសមត្ថភាពផងដែរ។
សម្រាប់បេក្ខភាពចូលរួមប្រកួតពានរង្វាន់សប្បុរសធម៌លក្ខណៈមិត្តភាពខាងលើរួមមានក្រុម 12 Happy, Avatar, 7NG, ARC, AGE, XO United, Master FC និងក្រុម Jing Jork FC ហើយក្រុមទាំង៨ បានចែកចេញជា ២ពូល ដើម្បិធ្វើការប្រកួតវិលជុំសន្សំពិន្ទុ ហើយក្រុមមានពិន្ទុខ្ពស់ជាងគេ ២ក្រុម នៃពូលនីមួយៗ នឹងឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ (វគ្គខ្វែង) មុនឈានដល់ការប្រកួតផ្ដាច់ព្រ័ត្រ នាថ្ងៃទី២៧ ខែមីនាខាងមុខ៕