(កណ្ដាល)៖ លោក ណុប រ័ត្ននិមល សមាជិកយុវជនគណបក្សថា្នក់កណ្ដាល ប្រធានក្រុមការងារយុវជនគណបក្ស ចុះមូលដ្ឋានស្រុកកណ្តាលស្ទឹង តំណាងនាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកស្រី បានថ្លែងដូច្នេះ ក្នុងពិធីបើកការប្រកួតកីឡាបាល់ទះ ដណ្តើមពានរង្វាន់ នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង លោកស្រី ប៉ែន ចន្នី ឆ្នាំ២០២២ ដើម្បីអបអរសាទរ ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ប្រចាំស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នាព្រឹកថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២២ នៅវិទ្យាល័យហ៊ុនសែន កំពង់កន្ទួត ស្រុកកណ្តាលស្ទឹង។

លោក ណុប រ័ត្ននិមល បានថ្លែងថា ការរៀបចំកម្មវិធីនេះឡើង គឺជាលើកទី៤ ដើម្បីចូលរួមចំណែកលើកស្ទួយវិស័យកីឡា នៅទូទាំងប្រទេស ដែលកម្ពុជាត្រៀមរៀបចំ ធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួតកីឡាស៊ីហ្គេម នាឆ្នាំ២០២៣ និងស្របតាមអនុសាសន៍ របស់សម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុនសែន បានលើកឡើងថា ប្រជាពលរដ្ឋម្នាក់ ត្រូវលេងកីឡាមួយមុខ ឬឲ្យបានមួយប្រភេទនោះ។

លោកបានជំរុញ និងលើកទឹកចិត្តដល់កីឡាករស្រ្តី ឲ្យមានការចូលរួមលេងកីឡា ឲ្យបានច្រើនជាលក្ខណៈមហាជន នៅតាមមូលដ្ឋាន ពីព្រោះកីឡាជាទូតសន្តិភាព ហើយនាំមកនូវសុខភាព មិត្តភាព សាមគ្គីភាព សុភមង្គល និងនាំឲ្យយុវជនចាកឆ្ងាយពីគ្រឿងញៀន។

លោក ណុប រ័ត្ននិមល បានលើកឡើងថា យើងទាំងអស់គ្នាសូមអរគុណចំពោះសុខសន្តិភាព។ សន្តិភាព ប្រៀបបានទៅនឹងខ្យល់ឧកស៊ីសែន បើគ្មានឧកស៊ីសែន យើងមិនអាចដកដង្ហើមរស់រានមានជីវិតបាននោះទេ។ ដោយសារកត្តា សុខសន្តិភាពនេះហើយ ដែលបានធ្វើឲ្យយើងមានអ្វីៗ រហូតមកដល់ពេលនេះ និងរៀបចំកម្មវិធីនេះឡើងផងដែរ។

លោកថា កម្ពុជាពិតជាសំណាងណាស់ ដែលយើងមានប្រមុខរដ្ឋាភិបាល សម្តេចតេជោ ហ៊ុនសែន ជាប្រមុខក្នុងការដឹកនាំ ប្រទេសជាតិ ធ្វើឲ្យមានសុខសន្តិភាពពេញលេញនៅទូទាំងប្រទេស និងអភិវឌ្ឍន៍រីកចម្រើនលើគ្រប់វិស័យ។

លោកបានផ្តាំផ្ញើដល់ក្រុមកីឡាករ យុវជន ត្រូវបន្តថែរក្សាសុខសន្តិភាព និងចូលរួមអនុវត្តអនុសាសន៍សម្តេចតេជោ និងវិធានការសុខាភិបាល ៣កុំ និង៣ការពារ ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ នៅកម្ពុជា។

លោក ឆែម រតនៈវិសាល ប្រធានគណៈកម្មការរៀបចំការប្រកួតកីឡាបាល់ទះ បានឲ្យដឹងថា ការប្រកួតកីឡាបាល់ទះដណ្តើមពានរង្វាន់ ឯកឧត្តម នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង លោកស្រី ប៉ែន ចន្នី ឆ្នាំ២០២២នេះ មាន២១ក្រុម មកពី១៨ឃុំ និង៣វិទ្យាល័យ នៅក្នុងស្រុកកណ្តាលស្ទឹង ហើយការប្រកួតបាន បែងចែកជា ៤ពូល នៅរៀងរាល់ថ្ងៃអាទិត្យ ដែលចាប់ផ្ដើមពីថ្ងៃនេះ រហូតដល់ថ្ងៃទី១ ខែឧសភា ឆ្នាំ២០២២។

ជាមួយនឹងការរៀបចំឱ្យការប្រកួតបាល់ទះនៅក្នុងស្រុកកណ្តាលស្ទឹងនេះ លោក ណុប រ័ត្ននិមល ក៏បានថ្លែងអំណរគុណចំពោះលោក សាំង វាសនា អគ្គនាយកបុរី ធីវីស្តារ Borey Tv Star ដែលបានចូលរួមសហការ និងជួយឧបត្ថម្ភ ជួយរៀបចំឱ្យមានការប្រកួតបាល់ទះនេះឡើងផងដែរ៕