(ភ្នំពេញ)៖ ក្រុមបាល់ទាត់ជម្រើសជាតិ U23 វៀតណាម បានគ្រងជើងឯកពានរង្វាន់ AFF U23 Championship 2022 លើកដំបូង បន្ទាប់ពីយកឈ្នះក្រុមយុវជន U23 ថៃ ដោយលទ្ធផល ១-០ ក្នុងជំនួបវគ្គផ្ដាច់ព្រ័ត្រ នៅពហុកីឡដ្ឋានជាតិមរតកតេជោ នារាត្រីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២២ នេះ ។

គ្រាប់បាល់ជ័យជម្នះក្រុមវៀតណាម ធ្វើសម្រេចដោយកីឡាករ Tran Bao Toan នៅនាទី៤៥ ហើយវគ្គទី២ ក្រុមទាំងពីរ បានព្យាយាមវាយសម្រុកគ្នាកាន់តែខ្លាំង ពិសេសក្រុមដំរីសឹក U23 ថៃ តែមិនអាចបំប៉ោងសំណាញ់ទីវៀតណាមបានឡើយ មុនអាជ្ញាកណ្ដាលកម្ពុជា លោក ឃួន វីរៈ ផ្លុំកញ្ចែបញ្ចប់ការប្រកួតពេញម៉ោង ។

ជ័យជម្នះនេះ នាំឲ្យក្រុមយុវជន U23 វៀតណាម ក្លាយជាម្ចាស់ពានជើងឯកបាល់ទាត់យុវជនអាស៊ីអាគ្នេយ៍អាយុក្រោម ២៣ឆ្នាំនេះលើកដំបូង បន្ទាប់ពីថៃ ធ្លាប់លើកពាន កាលពីឆ្នាំ២០០៥ និងឥណ្ឌូនេស៊ី គ្រងជើងឯក កាលពីឆ្នាំ២០១៩ ។ ប៉ុន្ដែឆ្នាំនេះឥណ្ឌូនេស៊ី បានដកខ្លួន ដោយសារមានបញ្ហារីករាលដាលជំងឺកូវីដ-១៩ ក្នុងក្រុមរបស់ខ្លួន ។

ដោយឡែកការប្រកួតដណ្ដើមចំណាត់ថ្នាក់លេខ៣ រវាងទីម័រខាងកើត និងឡាវ ដែលគ្រោងប្រកួតកាលពីម៉ោង ៤ល្ងាចថ្ងៃសៅរ៍នេះ ត្រូវគណៈកម្មការសម្រេចលុបចោលការប្រកួត បន្ទាប់ពីមានការរីករាលដាលជំងឺកូវីដ-១៩ ក្នុងក្រុមយុវជនឡាវ ហើយគណៈកម្មការសម្រេចផ្ដល់ចំណាត់ថ្នាក់លេខ៣ ឲ្យក្រុម U23 ទីម័រខាងកើត ដោយស្វ័យប្រវត្តិតែម្ដង ៕