(វ៉ារេស)៖ ក្រុមបាល់ទាត់ជម្រើសជាតិប៉ូឡូញ នឹងមិនប្រកួតវគ្គជម្រុះ World Cup ជាមួយនឹងរុស្ស៊ី ដែលគ្រោងនឹងធ្វើឡើងនៅខែក្រោយនោះទេ ដោយសារតែការឈ្លានពានរបស់រុស្ស៊ី លើអ៊ុយក្រែន, នេះបើតាមសម្តីប្រធានសមាគមបាល់ទាត់ប៉ូឡូញ លោក Cezary Kulesza ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាយប់ថ្ងៃតី២៦ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

លោក Kulesza បានលើកឡើងថា សមាគមបានពិភាក្សាគ្នា ជាមួយសមភាគីស្វីស និងឆែក ស្តីពីការប្រកួតវគ្គជម្រុះផ្តាច់ព្រ័ត្រ ដែលគ្រោងនឹងធ្វើឡើងនៅខែមីនាខាងមុខ ដើម្បីបំពេញតំណែង សម្រាប់ការប្រកួត World Cup។

ភាគីទាំងបី បានចេញសេចក្តីថ្លែងការណ៍រួមគ្នាមួយ នាថ្ងៃព្រហស្បតិ៍ ដោយទាមទារឲ្យ FIFA ផ្លាស់ប្តូរការប្រកួតវគ្គជម្រុះផ្តាច់ព្រ័ត្ររៀងៗខ្លួន ចេញពីរុស្ស៊ី។

រុស្ស៊ី គ្រោងនឹងធ្វើជាម្ចាស់ផ្ទះ ទទួលក្រុមប៉ូឡូញ នៅវគ្គប្រកួតជម្រុះផ្តាច់ព្រ័ត្រ World Cup របស់ខ្លួន នៅថ្ងៃទី២៤ ខែមីនាខាងមុខ៕