(ភ្នំពេញ)៖ ដើម្បីចូលរួមអបអរសាទរ ទៅដល់ទិវាជាតិ សុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២២ ក្រុមហ៊ុនទឹកពិសាវីតាល់ បានចូលរួមសហការ ជាមួយកាកបាទក្រមហមកម្ពុជា រៀបចំទិវាជាតិសុខភាពមាតា ទារក និងកុមារ ឆ្នាំ២០២២ ក្រោមប្រធានបទ «ពង្រឹងការផ្តល់សេវាសុខភាពបន្តពូជ សុខភាពមាតា ទារក និងកុមារ និងការផ្តល់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ជូនស្ត្រីមានផ្ទៃពោះ និងមាតាកំពុងបំបៅដោះកូន ដោយទឹកដោះម្តាយ» នាព្រឹកថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២២ នៅបរិវេណរដ្ឋបាល សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

ព្រឹត្តិការណ៍នេះ ត្រូវបានចូលរួមក្រោមអធិបតីភាព លោក ស្រី មុំ ចន្ធី នាយិការង នាយកដ្ឋានសុខភាព និងជាលេខាក្រុមការងារ ឥស្សរជនឆ្នើមថ្នាក់ជាតិ និងលោកស្រី ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់ ) ព្រមទាំងមានការចូលរួមពីមន្រី្ត កាកបាទក្រហមកម្ពុជា អាជ្ញាធរមូលដ្ឋាន នៃសាលាសង្កាត់គោករកា បុគ្គលិកក្រុមហ៊ុនវីតាល់ និងប្រជាជនមូលដ្ឋាន ដែលជាស្ត្រីមានផ្ទៃពោះ និងមាតាទើបសម្រាលកូន ជាច្រើននាក់ ស្របតាមបែបគន្លងថ្មី។

លោកស្រី មុំ ចន្ធី នាយិការងនាយកដ្ឋានសុខភាព និងជាលេខាក្រុមការងារ ឥស្សរជនឆ្នើមថ្នាក់ជាតិ បានថ្លែងថា សុខភាពរបស់មាតា និងទារក គឺ ជាកក្តាសំខាន់។ ការថែទាំងសុខភាពការពិនិត្យផ្ទៃពោះ ការសម្រាលកូននៅមណ្ឌល សុខភាព ឬមន្ទីរពេទ្យ ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ របស់ស្ត្រីមានផ្ទៃពោះ គឺជារឿងដែលមិនអាចធ្វេសប្រហែសបាន និងត្រូវយកចិត្តទុកដាក់ជាចម្បង។

លោកស្រី បានបន្ថែមថា ជាពិសេសនៅអំឡុងពេលការរីករាលដាល នៃជំងឺកូវីដ១៩ សុខភាពរបស់មាតា និងទារក អាចនឹងមានការគំរាមគំហែមបន្ថែម ដែលតម្រូវឲ្យយើង ទាំងអស់គ្នា រួមទាំងរាជរដ្ឋាភិបាល អង្គការសង្គមស៊ីវិល ក្រុមហ៊ុនឯកជន មន្ត្រីសុខាភិបាល និងក្រុមគ្រួសារ ត្រូវចូលរួមផ្តល់ការ គាំទ្រដើម្បីពង្រឹង នូវការផ្តល់ជាភាពងាយស្រួល និងការយកចិត្តទុកលើសុខាភាពមាតា និងទារក ដូចជាការពិនិត្យនិងផ្តល់ប្រឹក្សា ការចូលរួមអនុវត្ត វិធានការបង្ការនានា និងការគាំទ្រក្នុងរូបភាពផ្សេងៗទៀត។

លោកស្រី ជឹង សុគន្ធាវី អគ្គនាយិកា ក្រុមហ៊ុន វ័ន ហ្វ្រេតធើនីធី (វីតាល់) បានឲ្យដឹងថា ក្នុងនាមជាក្រុមហ៊ុនឯកជន យើងខ្ញុំពិតជាមានសេចក្តី រីករាយជាខ្លាំង ដែលបានសហការ ជាមួយកាកបាទក្រហមកម្ពុជា ក្នុងការរៀបចំព្រឹត្តិការណ៍នេះឡើង និងបានជួបជាមួយបង ប្អូនជាស្ត្រីមានផ្ទៃពោះ និងមាតាទើបសម្រាលកូន ដែលអញ្ជើញមកពីបណ្តាភូមិ សហគមន៍ ក្នុងសង្កាត់គោករកា ខណ្ឌព្រែកព្នៅ។

លោកស្រី បានបន្តថា «នៅក្នុងស្ថានការណ៍ នៃការរីករាលដាលនៃជំងឺកូវីដ១៩ ក្រុមហ៊ុនទឹកពិសាវីតាល់ បានយល់ឃើញច្បាស់ពីភាពលំបាក និងហានិភ័យមួយចំនួន ដែលអាចកើតឡើង ទៅដល់បងប្អូនស្រី្តមានផ្ទៃពោះ និងមាតាកំពុងបំបៅដោះកូន។ ដូច្នេះ នៅថ្ងៃនេះដើម្បីចូលរួមសម្រួល ទៅដល់ស្ថានការណ៍លំបាក ក្រុមហ៊ុនទឹកពិសាវីតាល់បាន សហការជាមួយកាកបាទក្រហមកម្ពុជា ដោយនាំយកនូវគ្រឿង ឧបភោគបរិភោគមួយចំនួន រួមជាមួយសម្ភារសម្រាប់ទារក ទារិកា និងថវិការមួយចំនួន ជូនដល់បងប្អូនស្រី្តមានផ្ទៃពោះ និងមាតាកំពុងបំបៅដោះកូននៅទីនេះ។ នាងខ្ញុំសង្ឃឹមថា អំណោយនៅថ្ងៃនេះ នឹងអាចជួយសម្រួលដល់ការលំបាក របស់បងប្អូនមួយចំនួន»។

សូមបញ្ជាក់ថា ក្រុមហ៊ុនទឹកពិសាវីតាល់ ជាក្រុមហ៊ុន ផលិតទឹកពិសា ដែលមានគុណភាពខ្ពស់ ស្របតាមស្តង់ដារ និងឆ្លងកាត់ការ ត្រួតពិនិត្យត្រឹមត្រូវ។ វីតាល់ ត្រូវបានទទួលស្គាល់ និងពេញនិយមពីសំណាក់បងប្អូន ប្រជាពលរដ្ឋខ្មែរទូទាំងប្រទេស ដែលមានវត្តមានក្នុង ទីផ្សារតាំងពីឆ្នាំ២០១០ មកម៉្លេះ៕