(ភ្នំពេញ)៖ ក្រុមជម្រើសជាតិកម្ពុជា ត្រូវបានចាប់ឆ្នោតស្ថិតក្នុងពូល D ជាមួយគូប្រជែងឥណ្ឌា ហុងកុង និងអាហ្វហ្គានីស្ថាន ក្នុងវគ្គជម្រុះចុងក្រោយ នៃការប្រកួតបាល់ទាត់ជើងឯកទ្វីបអាស៊ី AFC Asian Cup China 2023 Qualifiers (Final Round)។

បន្ទាប់ពីការចាប់ឆ្នោតនៅទីស្នាក់ការសហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) នារសៀលថ្ងៃព្រហស្បតិ៍នេះសបញ្ជាក់ថា ក្រុមគោព្រៃកម្ពុជា រួមទាំងហុងកុង និងអាហ្វហ្គានីស្ថាន នឹងត្រូវធ្វើដំណើរទៅប្រទេសឥណ្ឌា ដែលជាទឹកដីកណ្ដាល ដើម្បីធ្វើការប្រកួតជម្រុះក្នុងពូល D នេះ ដែលនឹងប្រកួតនាថ្ងៃទី០៨ ថ្ងៃទី១១ និងថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ។

សម្រាប់វគ្គជម្រុះជុំចុងក្រោយនៃការប្រកួតជើងឯកអាស៊ីនេះ ចែកចេញជា ៦ពូល ក្នុងមួយពូលមាន ៤ក្រុម ដែលនឹងត្រូវប្រកួតដំណាលគ្នានាខែមិថុនាខាងមុខ ដើម្បីចម្រាញ់ក្រុមខ្លាំងឡើងវគ្គបន្ដ ពោលគឺក្រុមឈរលេខ១ នៃពូលទាំង៦ រួមទាំងក្រុមលេខ២ ល្អជាងគេចំនួន ៥ក្រុម នឹងទទួលបានកៅអីជុំផ្ដាច់ព្រ័ត្រ នៅប្រទេសចិន នាឆ្នាំ២០២៣។

សូមបញ្ជាក់ថា មុនឡើងមកដល់វគ្គជម្រុះជុំទី៣ នេះ ក្រុមគោព្រៃកម្ពុជា គឺបានយកឈ្នះក្រុមកោះហ្គាំរបស់សហរដ្ឋអាមេរិក ទាំង ២ជើង ក្នុងវគ្គ Play-Off ដោយលទ្ធផល ៣-១ នៅប្រទេសបារ៉ែន។ រីឯក្រុមដែលកំពុងឈរចាំនៅជុំផ្ដាច់ព្រ័ត្រវិញគឺមាន ១៣ក្រុម រួមមានម្ចាស់ផ្ទះចិន, ស៊ីរី, អូស្ដ្រាលី, អ៊ីរ៉ង់, អារ៉ាប៊ីសាអ៊ូឌីត, កាតា, ជប៉ុន, អារ៉ាប់រួម, កូរ៉េខាងត្បូង, អ៊ីរ៉ាក់, អូម៉ង់, វៀតណាម និងលីបង់៕