(ម៉ាឌ្រីដ)៖ កីឡាករបម្រុង Anthony Elanga ចាកចេញពីកៅអីបម្រុងរកគ្រាប់ស៊ុតបញ្ចូលទី ពេលបិសាចក្រហម Manchester United បញ្ចប់ក្នុងលទ្ធផលស្មើគ្នា ១-១ នាយ់មិញនេះសម្រាប់ជើងទី១ នៃវគ្គ ១៦ក្រុមចុងក្រោយពានអឺរ៉ុប UEFA Champions League។
ដូចគ្នានោះដែរ កីឡាករអន្តរជាតិព័រទុយហ្គាល់ Joao Felix ជាអ្នករកគ្រាប់នាំមុខដោយការតែតបញ្ចូលទីឲ្យម្ចាស់ផ្ទះ Atletico ក្នុងកីឡដ្ឋាន Wanda Metropolitano នារាត្រីថ្ងៃពុធ ដ្បិតត្រូវក្រុមភ្ញៀវមកពីអង់គ្លេសដាក់សម្ពាធយ៉ាងណាក៏ដោយ ដ្បិតក្រុមទាំងពីរបានខកខានជួបគ្នាក្នុង UCL តាំងពីរដូវកាលឆ្នាំ២០០៥-២០០៦ មក។
តែយ៉ាងណា ក្រោយប្តូរចូលលេងបាន ៥នាទីជំនួស Marcus Rashford នោះ Elanga រកបានគ្រាប់តាមស្មើមកវិញ នៅពេលស៊ុតដាច់ចង្កេះអ្នកចាំទី Jan Oblak និង Antoine Griezmann ស៊ុតប៉ះចំរបារទីចុងម៉ោង។
ក្រុមទាំងពីរត្រូវប៉ះគ្នាសម្រាប់ជើងទី២ នាទឹកដី Old Trafford នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ ដើម្បីកាត់សេចក្តីរកក្រុមឈ្នះចាញ់ឡើងវគ្គ ៨ក្រុមជាបន្តទៀតនៅ UCL៕