(កូរ៉េ)៖ តាមទិន្នន័យផ្លូវការ បានបង្ហាញថា វិស័យឧស្សាហកម្មភាពយន្តនៅប្រទេសកូរ៉េខាងត្បូង ត្រូវបានគេមើលឃើញថា បានធ្លាក់ចុះពីរឆ្នាំជាប់ៗគ្នាតែម្តង ដោយសារតែជំងឺរាត្បាតសកលកូវីដ-១៩។ នេះបើតាមការចេញផ្សាយរបស់ព័ត៌មាន Yonhap។

ក្រុមប្រឹក្សាភាពយន្តប្រចាំប្រទេសកូរ៉េខាងត្បូង ហៅកាត់ថា KOFIC បានឲ្យដឹងថា ប្រាក់ចំណូលសរុបពីទីផ្សារភាពយន្តក្នុងស្រុក រួមបញ្ចូលទាំងការលក់សំបុត្រចូលទស្សនាភាពយន្ត និងការចាក់បញ្ចាំងតាមប្រព័ន្ធអនឡាញ គឺមានចំនួន ១.០២ទ្រីលានវ៉ុន ប្រមាណ ៥៨៨លានដុល្លារ ក្នុងឆ្នាំ២០២១កន្លងទៅ ពោលគឺបានធ្លាក់ចុះចំនួន ១.០៥លានវ៉ុន បើប្រៀបធៀបនឹងឆ្នាំ២០១៩។

KOFIC បានឲ្យដឹងបន្ថែមថា ខ្សែភាពយន្តក្នុងស្រុក ដែលចាយទុនផលិតច្រើន ត្រូវបានពន្យារពេលចាក់បញ្ចាំង ដោយសារការព្រួយបារម្ភនឹងជំងឺរាតត្បាតកូវីដ-១៩ ខណៈរឿងហូលីវូដ ដូចជា «Spider-Man: No Way Home» និងរឿង «Eternals» មានការផ្ទុះខ្លាំងនៅទីផ្សារភាពយន្តក្នុងប្រទេសកូរ៉េ។

របាយការណ៍របស់ KOFIC ក៏បានបង្ហាញថា ការនាំចេញខ្សែភាពយន្តកូរ៉េធ្លាក់ចុះ ៤១.៨ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ មកនៅត្រឹម ៤៨.៦ លានដុល្លារ ហើយការលក់ចេញផ្សាយតាមអ៊ីនធឺណិតបានធ្លាក់ចុះ ១៥ ភាគរយធៀបនឹងឆ្នាំមុន៕