(ភ្នំពេញ)៖ សហព័ន្ធកីឡាបាល់ទាត់អាស៊ី (AFC) នឹងរៀបចំពិធីចាប់ឆ្នោតបែងចែកពូលប្រកួតវគ្គជម្រុះជុំចុងក្រោយនៃការប្រកួតជើងឯកទ្វីបអាស៊ី AFC Asian Cup China 2023 Qualifiers (Final Round) នាវេលាម៉ោង ២រសៀលនេះ។ នេះបើយោងតាមការជូនដំណឹងរបស់សហព័ន្ធកីឡាបាល់ទាត់កម្ពុជា។
ចំពោះក្រុមជម្រើសជាតិកម្ពុជា បន្ទាប់ពីយកឈ្នះក្រុមកោះហ្គាំរបស់សហរដ្ឋអាមេរិកទាំង ២ជើង ដោយលទ្ធផល ៣-១ កាលពីវគ្គជម្រុះជុំទី២ កម្ពុជាបានស្ថិតក្នុងក្រឡទី៤ (POT-4) ជាមួយនេប៉ាល់, ម៉ុងហ្គោលី, បង់ក្លាដេស ស្រីលង្ការ និងសិង្ហបុរី ដែលឡើងមកពីវគ្គ Play-Off ដូចគ្នា ដើម្បីចាប់ឆ្នោតប្រកួតជាមួយក្រុមស្ថិតក្នុង POT ចំនួន ៣ផ្សេងទៀត។
សម្រាប់ការចាប់ឆ្នោតបែងចែកពូលប្រកួតជម្រុះជុំទី៣ នៃព្រឹត្តិការណ៍ប្រចាំទ្វីបអាស៊ីនេះ គឺមានបេក្ខភាពចូលរួមសរុប ២៤ក្រុម ហើយត្រូវចាប់ឆ្នោតចែកចេញជា ៦ពូល ក្នុងមួយពូលមាន ៤ក្រុម ដើម្បីប្រកួតជម្រុះរកក្រុមខ្លាំងឡើងទៅជុំផ្ដាច់ព្រ័ត្រនៅប្រទេសចិន នាឆ្នាំ២០២៣ ខណៈមាន ៦ប្រទេស នឹងចូលរួមធ្វើម្ចាស់ផ្ទះ (ទឹកដីកណ្ដាល) នៃវគ្គជម្រុះនេះរួមមានឥណ្ឌា គុយវ៉ែត កៀហ្ស៊ីស៊ីស្ថាន ម៉ាឡេស៊ី ម៉ុងហ្គោលី និងអូបេគីស្ថាន។
តាមគម្រោងវគ្គជម្រុះជុំចុងក្រោយនេះនឹងធ្វើការប្រកួតពីថ្ងៃទី០៨-១៤ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ហើយក្រុមឈរលេខ១ នៃពូលទាំង៦ រួមទាំងក្រុមលេខ២ ល្អជាងគេចំនួន ៥ក្រុម នឹងទទួលបានកៅអីចូលរួមប្រកួតជុំផ្ដាច់ព្រ័ត្រនៅចិន ជាមួយបេក្ខភាព ១៣ក្រុមទៀត ដែលកំពុងឈរចាំរួមមានម្ចាស់ផ្ទះចិន, ស៊ីរី, អូស្ដ្រាលី, អ៊ីរ៉ង់, អារ៉ាប៊ីសាអ៊ូឌីត, កាតា, ជប៉ុន, អារ៉ាប់រួម, កូរ៉េខាងត្បូង, អ៊ីរ៉ាក់, អូម៉ង់, វៀតណាម និងលីបង់។
សម្រាប់ការប្រកួតជុំផ្ដាច់ព្រ័ត្រ ឬវគ្គ ២៤ក្រុមចុងក្រោយ គ្រោងប្រកួតពីថ្ងៃទី១៦ ខែមិថុនា ដល់ថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៣៕