(ភ្នំពេញ)៖ ដើម្បីអបអរខួបមួយឆ្នាំនៃការមានវត្តមានរបស់ខ្លួន ក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Spotify បានចេញផ្សាយទិន្នន័យថ្មីមួយដែលបង្ហាញថា តារាចម្រៀងរ៉ាប់ វណ្ណដា បានស្ថិតនៅកំពូលតារាងនៃតារាចម្រៀងក្នុងស្រុក ដែលមានអ្នកស្តាប់ច្រើនបំផុត និងជាតារាចម្រៀងកម្ពុជា ដែលមានអ្នកស្តាប់ច្រើនបំផុតនៅបរទេស ជាពិសេសនៅសហរដ្ឋអាមេរិក ឥណ្ឌូនេស៊ី និងប្រទេសថៃ។

Spotify ក៏ជាភ្លែតហ្វមស្តាប់ចម្រៀងដ៏មានប្រជាប្រិយភាពផងដែរ សម្រាប់អ្នកគាំទ្ររបស់តារាចម្រៀង និងអ្នកនិពន្ធ ថេណា ដែលតារារូបនេះបានក្លាយជាតារាចម្រៀងកម្ពុជា ដែលមានអ្នកស្តាប់ច្រើនជាងគេទី២។ ចាប់តាំងពីក្រុមហ៊ុន Spotify បានដាក់ដំណើរការសេវាស្តាប់ចម្រៀងរបស់ខ្លួន ក្នុងប្រទេសកម្ពុជាមក ចំនួនចម្រៀងរបស់គាត់ ដែលត្រូវបានគេចាក់ស្តាប់តាមអនឡាញបានកើនឡើងជិតទ្វេដង។

ប្រជាពលរដ្ឋកម្ពុជាក៏បានចាក់ស្តាប់ចម្រៀងរបស់លោក ស៊ិន ស៊ីសាមុត ផងដែរ ដែលគាត់បានក្លាយជាដែលតារាចម្រៀង ដែលមានអ្នកស្តាប់ច្រើនជាងគេលំដាប់ទី៣ នៅកម្ពុជា។ ចម្រៀងរបស់លោកដែលមានចំណងជើងថា «ម៉ាពីនក» គឺជាបទចម្រៀងរបស់កម្ពុជា ដែលមានអ្នកស្តាប់ច្រើនបំផុតនៅលើភ្លែតហ្វម ស្តាប់ចម្រៀងរបស់ក្រុមហ៊ុន Spotify នៅឆ្នាំ២០២១។ ក្រៅពីនេះ តារាងចម្រៀងដែលជាប់ចំណាត់ថ្នាក់ទី៤ បានទៅលើលោក ម៉ានិត និងទី៥ បានទៅលើក្រុម Smallworld Smallband។

លោក Niklas Lundberg ប្រធានផ្នែកទីផ្សារថ្មី (New Markets) នៃក្រុមហ៊ុន Spotify បានមានប្រសាសន៍ថា «ចាប់តាំងពីដាក់ដំណើរការសេវាស្តាប់ចម្រៀងក្នុងខែកុម្ភៈ ឆ្នាំ២០២១ មក យើងទទួលបានការស្វាគមន៍យ៉ាងកក់ក្តៅខ្លាំងក្នុងប្រទេសកម្ពុជាពីអ្នកប្រើប្រាស់ និងសិល្បករសិល្បការនី។ វាគួរឱ្យភ្ញាក់ផ្អើលណាស់ដែលឃើញថា ភ្លែតហ្វមរបស់យើងទាក់ទាញសិល្បករសិល្បការី និងទស្សនិកជនក្នុងស្រុក ហើយផ្តល់ឱកាសបន្ថែមទៀតដល់តារាចម្រៀងកម្ពុជាឱ្យទទួលបានការទទួលស្គាល់ជាលក្ខណៈអន្តរជាតិ»

នៅលើឆាកអន្តរជាតិវិញ តារាចម្រៀងបរទេសដែលមានអ្នកស្តាប់ច្រើនជាងគេបំផុតគិតចាប់ពីការដាក់ដំណើរការសេវាស្តាប់ចម្រៀងអនឡាញរបស់ក្រុមហ៊ុន Spotify គឺក្រុម BTS, Justin Bieber, Taylor Swift, Olivia Rodrigo និង Ariana Grande។ បទដែលទទួលបានការស្តាប់ច្រើនជាងគេចំនួន៥ ក្នុងប្រទេសកម្ពុជារួមមាន STAY ដែលច្រៀងដោយតារាចម្រៀង Justin Bieber និងក្រុម The Kid LAROI បទ Drivers License បទ Good 4 U និង Deja Vu ដែលច្រៀងដោយ Olivia Rodrigo និងបទ Double Take ដែលច្រៀងដោយ dhruv។ ក្រៅពីនេះ ចម្រៀងរបស់ក្រុម BTS និងរបស់តារាចម្រៀង Giveon ក៏មានអ្នកស្តាប់ច្រើនផងដែរ។

អ្នកនាង Julia Levander ប្រធានផ្នែកទំនាក់ទំនងទទួលបន្ទុកទីផ្សារថ្មីរបស់ក្រុមហ៊ុន Spotify ថ្លែងថា៖ «ក្នុងរយៈពេលត្រឹមតែមួយឆ្នាំប៉ុណ្ណោះដែលក្រុមហ៊ុន Spotify ចូលក្នុងទីផ្សារកម្ពុជា មានការបង្ហាញចំណាប់អារម្មណ៍ស្តាប់ចម្រៀង ទាំងចម្រៀងរបស់តារាងក្នុងស្រុក ក្នុងតំបន់ និងអន្តរជាតិ ដោយតារាចម្រៀង វណ្ណដា ក្រុមតន្រ្តី BTS និងក្រុម BLACKPINK កំពុងស្ថិតនៅក្នុងបញ្ជីដែលមានអ្នកស្តាប់ច្រើនបំផុត រួមជាមួយតារាងចម្រៀងផ្សេងទៀតដូចជា Justin Bieber, Taylor Swift និង Olivia Rodrigo។ យើងសម្លឹងឆ្ពោះទៅរកការបន្តការតភ្ជាប់អ្នកគាំទ្រជាមួយតារាចម្រៀងដែលពួកគេស្រលាញ់ និងផ្តល់ជូនសិល្បករនិងសិល្បការីក្នុងស្រុកនូវឧបករណ៍ និងគំនិតដែលអាចផ្តល់លទ្ធភាពឱ្យពួកគេចាប់យកទស្សនិកជនថ្មី»

ក្រៅពីអាចចូលស្តាប់ចម្រៀងបានតាមរយៈគណនី Spotify មិនគិតថ្លៃ និងគណនី Spotify គិតថ្លៃ ប្រជាពលរដ្ឋកម្ពុជាក៏អាចចូលទៅកាន់មុខងារដែលទើបនឹងដាក់ដំណើរការថ្មីមួយផងដែរ នោះគឺ “Lyrics” ដែលជាផលិតផលថ្មីសាមញ្ញ និងអាចចែករំលែកបាន ដែលអាចឱ្យអ្នកប្រើប្រាស់ចូលទៅយកអត្ថបទចម្រៀងដែលពួកគេចូលចិត្តដោយផ្ទាល់នៅក្នុងកម្មវិធី Spotify។ អត្ថបទចម្រៀងល្បីៗអាចរកបានជាភាសាដើមរបស់បទចម្រៀងទាំងនោះ រួមទាំងអត្ថបទចម្រៀងភាសាខ្មែរផងដែរ៕