(ភ្នំពេញ)៖ លោក កែវ សុខង៉ន អ្នកចាត់ការក្រុមភ្នំពេញក្រោន បានធ្វើការ Live លើបណ្ដាញសង្គមផ្ទាល់ខ្លួន ដោយបានរិះគន់ចំៗចំពោះលោក Keisuke Honda អ្នកចាត់ការទូទៅក្រុមជម្រើសជាតិកម្ពុជា ក្រោយដឹកនាំក្រុម U23 កម្ពុជា ធ្លាក់ត្រឹមវគ្គចែកពូលនៃពានរង្វាន់ AFF U23 Championship 2022 ក្នុងនាមជាម្ចាស់ផ្ទះ។

លោកបានរិះគន់ទៅនឹងការគ្រប់គ្រងបែប «រួមសុខ តែមិនរួមទុក្ខ» របស់លោក Honda តាំងពីក្រុមជម្រើសជាតិកម្ពុជាចូលរួមប្រកួតពានរង្វាន់ AFF Suzuki Cup 2021 នៅប្រទេសសិង្ហបុរី រហូតដល់ការប្រកួត AFF U23 Championship 2022 កំពុងធ្វើឡើងនៅកម្ពុជា ដែលក្រុមមួយនេះបានធ្លាក់ត្រឹមវគ្គចែកពូលដូចគ្នា។ លោកថា ការរិះគន់នេះក្នុងន័យស្ថាបនា ដើម្បីជម្រើសជាតិកម្ពុជា គ្មានន័យអ្វីផ្សេងឡើយ។

អតីតកីឡាករជម្រើសជាតិកម្ពុជារូបនេះបានសម្ដែងការមិនពេញចិត្ត ចំពោះការដឹកនាំតាម Online ទាល់តែជិតដល់ថ្ងៃប្រកួតទើបលោក Honda ធ្វើដំណើរមកដឹកនាំក្រុម ហើយពេលខ្លះ លោកបានជិះយន្ដហោះ Business Class ទៅចាំកីឡាករមុនក៏មាន ដូចជាប្រកួត Suzuki Cup នៅសិង្ហបុរី កាលពីចុងឆ្នាំ២០២១ ជាដើម។ លោកទទួលស្គាល់ Honda មកដឹកនាំកម្ពុជា អត់យកប្រាក់ខែជារឿងល្អ តែការគ្មានពេលវេលាគ្រប់គ្រាន់ ដើម្បីដឹកនាំជម្រើសជាតិ Honda គឺជារឿងមិនអាចទទួលយកបានឡើយ។

លោក កែវ សុខង៉ន ថា «លោក Honda ជាគ្រូម្នាក់ដែលមិនបានយកប្រាក់ខែរបស់គ្រូជម្រើសជាតិកម្ពុជាយើង ប៉ុន្ដែអ្វីដែលគាត់ធ្វើ មិនសមនឹងទំនួលខុសត្រូវដល់ប្រទេសយើងទេ គឺគាត់មិនដែលមានវត្តមានក្នុងការជ្រើសរើស និងការមើលកីឡាករគ្រប់លំដាប់ក្រុមទាំងអស់។ មិនមានពេលវេលាគ្រប់គ្រាន់ក្នុងការសង្កេតមើលកីឡាកររបស់យើង។ ក្នុងការប្រកួតលីគផ្ទាល់ ខ្ញុំគិតថា ប្រសិនជាយើងបន្ដអញ្ចឹងទៀត យើងមិនមានផ្លូវទៅឈ្នះក្នុងការប្រកួតផ្សេងៗបានទេ»។

លោកបានសង្កត់ធ្ងន់ថា «ខ្ញុំមិនអាចទទួលយកបានទេ។ សូមឲ្យលោកគ្រូ Honda បើសិនជាស្រលាញ់ប្រទេសកម្ពុជាមែន សូមឲ្យលោកគ្រូឯង នៅប្រទេសកម្ពុជាយើង សិក្សា និងមើលកីឡាករយើង បើសិនអ្នកឯង អត់មានពេលវេលា អ្នកឯងនៅប្រកបអាជីពបាល់ទាត់នៅឡើយទេ មិនបាច់មកទេ ឲ្យលោកគ្រូក្នុងស្រុករបស់យើងធ្វើការទៅ។ អ្នកឯងគួរតែធ្វើសន្និសីទសារព័ត៌មាន អ្នកឯងអត់មានពេលវេលាគ្រប់គ្រាន់ ដើម្បីមកគ្រប់គ្រងបាល់ទាត់ជម្រើសជាតិកម្ពុជាយើងទេ»។

បាល់ទាត់សម័យទំនើប គ្រាន់តែមើលផ្សាយផ្ទាល់ (Live) តាមទូរទស្សន៍ ឬហ្វេសប៊ុក ហើយបង្ហាត់តាម Online គឺមិនគ្រប់ជ្រុងជ្រោយនោះទេ ដែលទង្វើនេះ ត្រូវបានលោក កែវ សុខង៉ន អាះអាងថា លោកមិនគាំទ្រទាល់តែសោះ តាំងពី ២ឆ្នាំមុនមកម្ល៉េះ បន្ទាប់ពីលោក Honda នៅតែបន្ដអាជីពជាកីឡាករបាល់ទាត់ ព្រោះក្នុងនាមកីឡាករអាជីព ស្ទើររកពេលសម្រាកមិនបានឡើយ រឿងអ្វីលោកមានពេលមកដឹកនាំហ្វឹកហាត់ និងការប្រកួតផ្ទាល់ៗបាន។

លោកបន្ថែមថា «តើតាក់ទិចមួយណាដែលអ្នកឯងចង់បានពិតប្រាកដ? បទពិសោធន៍ Suzuki Cup នៅសិង្ហបុរី បទពិសោធន៍មកដល់ AFF U23 នៅខ្មែរ ក៏ធ្លាក់ត្រឹមក្នុងពូល។ តើពេលណាទៀត ដែលលោកឯងចង់បានពិតប្រាកដ? បើសិនជាចប់ពាន Suzuki Cup 2022 លោកចាកចេញពីកម្ពុជាទៀត អាហ្នឹងជាពិតប្រាកដហើយ លោកឯងមិនអាចដឹកនាំក្រុមឈ្នះស៊ីហ្គេម ឆ្នាំ២០២៣ បានទេ។ អ៊ីចឹងលោកទៅប្រកបអាជីពជាកីឡាករបាល់ទាត់ទៀតចុះ ទុកឲ្យធនធានជំនាន់ក្រោយគ្រប់គ្រង គាត់មានពេលវេលាគ្រប់គ្រាន់។ ប៉ុន្ដែបើសិនលោកឯងចាកចេញពីប្រទេសកម្ពុជាម្ដងទៀត ខ្ញុំគិតថា បាល់ទាត់មិនបាច់អភិវឌ្ឍន៍ទៅដល់ណាទៀតទេ ចាប់ពូលប៉ះទីម័រ ប្រ៊ុយណេ ឬប្រទេសណាអន់ ក៏យើងនៅតែធ្លាក់ដែរ ព្រោះអ្វីដែលលោកធ្វើ គឺវាអត់ត្រឹមត្រូវ»។

នេះគឺជាខ្លឹមសង្ខេបក្នុងវីដេអូរយៈពេលជាង ២ម៉ោង ២៥នាទី ដែលលោក កែវ សុខង៉ន បាន Live លើបណ្ដាញសង្គមផ្ទាល់ខ្លួនកាលពីយប់មិញ បន្ទាប់ពីក្រុមវៀតណាមយកឈ្នះថៃ ត្រឹមលទ្ធផល ១-០ ធ្វើឲ្យកម្ពុជាអស់ឱកាសឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ នៃពានរង្វាន់ AFF U23 Championship 2022។ ប៉ុន្ដែនៅព្រឹកថ្ងៃពុធនេះ វីដេអូនោះត្រូវបានលោក កែវ សុខង៉ន លុបចោលវិញ។ ប៉ុន្ដែក្រៅពីអ្នកចាត់ការក្រុមសិង្ហក្រហមនេះ គេក៏ឃើញមានអ្នកគាំទ្រមួយចំនួន សម្ដែងការមិនពេញចិត្តចំពោះការធ្លាក់ត្រឹមវគ្គចែកពូល នៃពានយុវជនថ្នាក់តំបន់នេះដែរ ដ្បិតជំនាន់ក្រុម U19 កម្ពុជា បានធ្លាប់យកឈ្នះវៀតណាម និងថៃឯណោះ៕