(ភ្នំពេញ)៖ ក្រុមជម្រើសជាតិ U23 វៀតណាម នឹងត្រូវជួប U23 ថៃ នាវេលាម៉ោង ៧យប់នេះ នៅកីឡដ្ឋានព្រីនស៍ ក្នុងជំនួបបញ្ចប់ពូល C នៃពានរង្វាន់ AFF U23 Championship 2022។ នេះគឺជាការប្រកួតកាត់សេចក្ដីរកបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ២ក្រុមចុងក្រោយ ខណៈជោគវាសនាក្រុមគោព្រៃជំទង់កម្ពុជា នឹងដឹងយប់នេះដែរ។

បច្ចុប្បន្នក្រុមវៀតណាម និងថៃ មាន ៣ពិន្ទុស្មើគ្នា ដោយវៀតណាមមានគ្រាប់បាល់ចំណេញ ៧គ្រាប់ រីឯថៃ មានគ្រាប់ចំណេញ ២គ្រាប់ ហើយបើការប្រកួតយប់នេះក្រុមទាំងពីរស្មើគ្នា ពួកគេនឹងត្រូវដឹកដៃគ្នាឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ហើយក្រុមជម្រើសជាតិ U23 កម្ពុជា នឹងត្រូវបាត់បង់ឱកាសតែម្ដង។

ប៉ុន្ដែមានលក្ខខណ្ឌ២ ដែលកម្ពុជានៅមានសង្ឃឹម ហើយត្រូវចាំអ៊ុតលទ្ធផលការប្រកួតរវាងក្រុមទាំងពីរយប់នេះ ទី១-វៀតណាម ត្រូវយកឈ្នះលើសពី ២គ្រាប់ និងទី២-ថៃ ត្រូវយកឈ្នះវៀតណាម លើសពី ៧គ្រាប់ ដែលជាលទ្ធផលអ្នកគាំទ្រកម្ពុជាចង់បាន ដើម្បីបើកផ្លូវឲ្យក្រុមគោព្រៃជំទង់កម្ពុជា បានឡើងវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ។

សូមបញ្ជាក់ថា កម្ពុជាត្រូវចាំអ៊ុតលទ្ធផលលេខ២ ល្អជាងគេ រវាងពូល A និងពូល C ដែលបណ្ដោះអាសន្នកម្ពុជាក៏មាន ៣ពិន្ទុក្នុងដៃដែរ តែមិនមានគ្រាប់បាល់ចំណេញឡើយ។ ការណ៍នេះហើយដែលនាំឲ្យអ្នកគាំទ្រកម្ពុជា ចង់ឃើញវៀតណាម និងថៃបញ្ចប់ការប្រកួតដោយលទ្ធផលឈ្នះ-ចាញ់ ជាមួយគ្រាប់ស៊ុតបញ្ចូលទីគ្នាដូចខាងលើ។

ចំពោះបេក្ខភាពវគ្គពាក់កណ្ដាលផ្ដាច់ព្រ័ត្រ ឥឡូវនេះបានរកឃើញ ២ក្រុមជាបណ្ដោះអាសន្នរួមមានក្រុម U23 ទីម័រខាងកើត ដែលឈរកំពូលតារាងពូល A ក្រោយយកឈ្នះកម្ពុជា ១-០ នាប្រកួតចុងក្រោយ និងក្រុម U23 ឡាវ ដែលបានបន្ដយកឈ្នះក្រុម U23 ម៉ាឡេស៊ី ២-០ ក្នុងជើងទី២ កាលពីយប់មិញ ខណៈសរុប ២ជើង ឡាវឈ្នះម៉ាឡេស៊ី ៤-១៕