(កូរ៉េ)៖ តារាចម្រៀងស្រីល្បីឈ្មោះរបស់កូរ៉េ CL ត្រូវបានរាយការណ៍ថា នឹងចូលរួមសម្តែងក្នុងមហោស្រពតន្ត្រីដ៏ធំមួយ នៅជប៉ុនឈ្មោះថា «Summer Sonic 2022» ដែលកម្មវិធីនេះ បានចាប់ផ្តើមធ្វើឡើងវិញហើយ បន្ទាបពីពន្យារពេលជាច្រើនលើក ដោយសារកូវីដ-១៩។ នេះបើតាមការចេញផ្សាយ របស់សារព័ត៌មាន All K-POP នៅថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២។

ការរៀបចំកម្មវិធីតន្រ្តី «Summer Sonic 2022» នៅជប៉ុន គឺមានការចូលរួមទស្សនាដោយផ្ទាល់ជាលើកដំបួង ក្នុងរយៈពេល៣ឆ្នាំមកនេះ ត្បិតប៉ុន្មានឆ្នាំកន្លងទៅខកខាតប្រារព្ធ ដោយសារជំងឺរាតត្បាត។ ក្នុងម្មវិធីនេះទៀតសោត ក៏នឹងមានវត្តមានរាជនីរ៉េបកូរ៉េខាងត្បូង CL ផងដែរ ខណៈកាលពីឆ្នាំ២០១៧ នាងបានចូលរួមកម្មវិធីនេះ ធ្លាប់ធ្វើឲ្យហ្វេនៗភ្ញាក់ផ្អើល តាមរយៈការសហការសម្តែងជាមួយ The Black Eyed Peas។ ហេតុនេះគ្រប់គ្នាកំពុងទន្ទឹមរង់ចាំថាតើ CL នឹងមានអ្វីប្លែកទៀតសម្រាប់ទស្សនិកជន សម្រាប់ឆ្នាំ ២០២២ នេះ។

គួរជម្រាបថា មុនពេល «Summer Sonic 2022» មកដល់ តារារ៉េប CL នឹងត្រូវចូលរួមសម្តែងក្នុងកម្មវិធី «We Are One Music + Arts Festival» ផងដែរ ដែលគ្រោងធ្វើឡើងនៅរដ្ឋតិចសាស ពីថ្ងៃទី១៤-១៥ ខែឧសភាខាងមុខ ក្នុងនាមជាអ្នកសម្តែងជួរមុខម្នាក់៕