(អាំស្ទឺដាម)៖ មានប្រមាណ ៧៥ភាគរយនៃកីឡាករបាល់ទាត់អាជីពផ្នែកបុរស បានជ្រើសរើសយកការបន្តរក្សារយៈពេលនៃការរៀបចំប្រកួតព្រឹត្តិការណ៍ World Cup ដូចពេលបច្ចុប្បន្ននេះ ហើយចង់ឲ្យមានការប្រកួតរៀងរាល់ ៤ឆ្នាំម្តងដដែល។ នេះបើតាមសហជីពកីឡាករសកល FIFPRO បានឲ្យដឹងនៅក្នុងសេចក្តីថ្លែងការណ៍ ហើយត្រូវបានចុះផ្សាយដោយសារព័ត៌មាន CNA នាថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២២។
កាលពីខែវិច្ឆិកាឆ្នាំមុន FIFPRO បានស្ទាបស្ទង់មតិលើកីឡាករជាង ១,០០០នាក់មកពីទ្វីបចំនួន៦ ក្នុងនោះរួមមានជាង ៧០សញ្ជាតិផ្សេងគ្នា។ បន្ទាប់ពីមានសំណើរបស់ស្ថាប័នគ្រប់គ្រងបាល់ទាត់ FIFA មានបំណងចង់ប្តូរការរៀបចំព្រឹត្តិការណ៍លំដាប់ពិភពលោកនេះទៅជា ២ឆ្នាំម្តងវិញ។
ការស្ទាបស្ទង់តាមតំបន់បានបង្ហាញថា ៧៧ភាគរយ នៃកីឡាករមកពីទាំងតំបន់អឺរ៉ុប និងអាស៊ី ចង់ឲ្យ World Cup ប្រារព្ធឡើងរៀងរាល់ ៤ឆ្នាំម្តង ជាមួយនឹង ៦៣ភាគរយនៃកីឡាករបាល់ទាត់មកពីទ្វីបអាមេរិក បានបង្ហាញការគាំទ្របែបនោះដែរ។
ក្នុងចំណោមកីឡាករនៅអាហ្វ្រិកមាន ៤៩ភាគរយពេញចិត្តចំពោះការរៀបចំរៀងរាល់ ៤ឆ្នាំម្តង ជាមួយនឹងកីឡាករដែលនៅសល់ បានគាំទ្រឲ្យមានការរៀបចំ ២ឬ៣ឆ្នាំម្តង។
មានត្រឹមតែ ២១ភាគរយនៃកីឡាករដែលបានចូលរួមស្ទង់មតិប៉ុណ្ណោះ បានបង្ហាញការគោរពទៅតាមអ្វីដែលជាការពិចារណា របស់ស្ថាប័នគ្រប់គ្រងបាល់ទាត់អន្តរជាតិ។
«ការស្ទាបស្ទង់កីឡាករបានបង្ហាញថា ភាគច្រើននៃកីឡាករបាល់ទាត់នៅជុំវិញពិភពលោក បានគាំទ្រចំពោះការរៀបចំ World Cup រៀងរាល់ ៤ឆ្នាំម្តង» នេះបើតាមសម្តីលោក Jonas Baer-Hoffmann អគ្គលេខាធិការសហជីព FIFPRO៕