(ឡុងដ៍)៖ ខ្សែបម្រើរបស់ក្លិប Brentford កីឡាករ Christian Eriksen បានវិលត្រឡប់ចូលទីលានវិញដោយបានលេងរយៈពេល ១ម៉ោង នៅក្នុងការប្រកួតមិត្តភាពបិទទ្វារប៉ះនឹងក្រុម Southend United XI កាលពីថ្ងៃចន្ទ។ ដោយនេះគឺជាការប្រកួតលើកដំបូងរបស់លោក ចាប់តាំងពីបានជួបបញ្ហាគាំងបេះដូងលើទីលាន។ នេះបើយោងតាមសារព័ត៌មាន BBC ចេញផ្សាយនាថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ២០២២។

អតីតខ្សែបម្រើក្លិបមាន់ខ្នាយមាស Spurs រូបនេះបានស៊ុតបញ្ចូលទី ១គ្រាប់ផងដែរនៅក្នុងការទទួលបានជ័យជម្នះ ៣-២ របស់ក្លិប Brentford ដែលលេងនៅលីគកំពូលអង់គ្លេសបច្ចុប្បន្ន។

កីឡាករលំដាប់អន្តរជាតិសញ្ជាតិដាណឺម៉ាក Eriksen បានចូលលេងនៅក្លិប Brentford កាលពីខែមុន បន្ទាប់ពីការចាកចេញពីក្លិបអ៉ីតាលី Inter Milan។

កាលពីសប្តាហ៍មុន Eriksen បានប្រាប់ BBC ថា លោកមានអារម្មណ៍ដូចជាអព្ភូតហេតុមួយដែលអាចបន្តចាប់ផ្តើមអាជីពរបស់លោកឡើងវិញ បន្ទាប់ពីដួលសន្លប់នៅទីលានក្នុងការប្រកួតពាន Euro 2020 នាខែកក្កដាឆ្នាំទៅ៕