(ភ្នំពេញ)៖ សហព័ន្ធកីឡាទូកក្ដោងកម្ពុជា បានបញ្ចប់ការប្រកួតជ្រើសរើសជើងឯកថ្នាក់ជាតិប្រចាំឆ្នាំ២០២១ ហើយ ក្រោយដំណើរការប្រកួតដ៏ស្វិតស្វាញរយៈពេល ៣ថ្ងៃនៅខេត្តព្រះសីហនុកាលពីចុងសប្ដាហ៍កន្លងទៅ។ ការប្រកួតនេះ ត្រូវបានវាយតម្លៃខ្ពស់ បានរៀបចំតាមលក្ខណៈស្ដង់ដារអន្ដរជាតិ ទាំងគណៈកម្មការបច្ចេកទេស និងកីឡាករចូលរួម។

លោក សោម សុទ្ធរិទ្ធិពង្ស អគ្គលេខាធិការសហព័ន្ធបានលើកឡើងថា នេះគឺជាលើកទី២ ដែលសហព័ន្ធបានរៀបចំការប្រកួតជើងឯកថ្នាក់ជាតិនេះឡើង ហើយការរៀបចំលើកនេះ ទទួលបានជោគជ័យគួរឲ្យកត់សម្គាល់ ពិសេសដោយគោរពតាមលក្ខខណ្ឌអន្ដរជាតិ ទាំងលក្ខណៈបច្ចេកទេស និងការដាក់ពិន្ទុជាដើម បន្ទាប់ពីមានការបើកវគ្គបណ្ដុះបណ្ដាល ក៏ដូចជាការធ្វើម្ចាស់ផ្ទះជើងឯកអាស៊ាននាចុងឆ្នាំ២០២១ កន្លងទៅ។

អគ្គលេខាធិការខាងលើបានបញ្ជាក់ថា ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះមានកីឡាករ ២៣នាក់មកពី ៣ក្លិបចូលរួម គឺក្លិបកីឡាទូកក្ដោងខេត្តកែប ក្លិបកីឡាទូកក្ដោងសុខា និងក្លិបកីឡាទូកក្ដោងតារាសាគរ ដោយធ្វើការប្រកួតលើ ៤វិញ្ញាសា។ ជាលទ្ធផលបច្ចេកទេសសម្រាប់វិញ្ញាសា Windsurfing RS:One លេខ១ កីឡាករ ប៉ាល់ សិលា, លេខ២ កីឡាករ សែម ប្រុសពៅ និងលេខ៣ កីឡាករ ហេន សុភី។

ចំណែកវិញ្ញាសា Windsurfing Techno 293 លេខ១ កីឡាករ កែវ ភារុណ, លេខ២ កីឡាករ កែវ ភានុន និងលេខ៣ កីឡាករ សុខ គុយសៀន។ វិញ្ញាសា Laser Byte លេខ១ កីឡាករ ស៊ុន ចាន់ឌឿន, លេខ២ កីឡាករ ញ៉ូវ ចាន់ និងលេខ៣ កីឡាករ ឡុច ដារ៉ុង និងវិញ្ញាសា Byte Boat លេខ១ កីឡាករ ស៊ីន សំណាង, លេខ២ កីឡាករ មាច ឫទ្ធីវង្ស និងលេខ៣ កីឡាករ ស៊ុ សរ៉ា៕