(បាត់ដំបង)៖ វិទ្យាល័យពេជ្រចិន្ដា និង POSCAR នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ បានរៀបចំកិច្ចប្រជុំស្តីពី «វឌ្ឍនភាពការប្រើប្រាស់ប្រព័ន្ធសាលារៀនឌីជីថល “Wiki School”»។
កម្មពិធីនេះប្រព្រឹត្តទៅនៅវិទ្យាល័យពេជ្រចិន្ដា ដែលស្ថិតនៅភូមិភ្នំតូច ឃុំពេជ្រចិន្ដា ស្រុកភ្នំព្រឹក ខេត្តបាត់ដំបង ដោយមានការចូលរួមពី ប្រធានគណៈកម្មការគ្រប់គ្រងសាលា តំណាងសហគមន៍ លោកគ្រូអ្នកគ្រូនៃវិទ្យាល័យពេជ្រចិន្ដា ស្ថាបនិកក្រុមហ៊ុន Poscar Digital និងក្រុមការងារ។ កិច្ចប្រជុំនេះធ្វើឡើងដើម្បីត្រួតពិនិត្យវឌ្ឍនភាព និងរៀបចំផែនការបន្ទាប់ ដើម្បីជំរុញសាលាវិទ្យាល័យ ឲ្យក្លាយជាវិទ្យាល័យឌីជីថលឈានមុខគេនៅកម្ពុជា។
ក្នុងឱកាសនោះលោក ភឿន ឡូត ដែលជាប្រធានគណៈកម្មការគ្រប់គ្រងសាលារៀន បានមានមតិថា វិទ្យាល័យពេជ្រចិន្ដា បានសម្រេចទទួលយកប្រព័ន្ធរដ្ឋបាលសាលារៀនឌីជីថល សហការជាមួយក្រុមហ៊ុន POSCAR (Wiki School) ដោយមើលឃើញពីតម្រូវការជាក់ស្តែងក្នុងបរិបទកូវីដ១៩ ដែលសាលាត្រូវការប្រព័ន្ធគ្រប់គ្រងសាលារៀនតាមបែបឌីជីថលក្នុងកិច្ចការរដ្ឋបាល ការរៀននិងបង្រៀន ជាពិសេសក្រុមហ៊ុនមានជំនាញច្បាស់លាស់ខាងផ្នែកឌីជីថល សាលារៀន មានបទពិសោធន៍ជិត ២០ឆ្នាំក្នុងវិស័យអប់រំ និងមានការផ្តល់ការគាំទ្រលើការប្រើប្រាស់ ប្រកបដោយនិរន្តរភាព។
លោកគ្រូ សោម សុវឌ្ឍនា ជាគ្រូបង្គោលពត៌មានវិទ្យា នៃវិទ្យាល័យពេជ្រចិន្ដា បានធ្វើបទបង្ហាញសង្ខេបពីវឌ្ឍនភាពការប្រើប្រាស់ប្រព័ន្ធសាលារៀនឌីជីថល Wiki School នៅវិទ្យាល័យពេជ្រចិន្ដា ជាពិសេសការងារទាក់ទងនិងការគាំទ្រក្នុងការប្រើប្រាស់បច្ចុប្បន្ន ក្នុងនោះសាលសមានចំនួនសិស្សប្រើប្រាស់ ១៦២៤នាក់ ស្រីចំនួន ៨៤៦នាក់។
លោក ងន់ ម័រ ស្ថាបនិកក្រុមហ៊ុន Poscar Digital បានឲ្យបង្ហាញពីគោលជំហរយ៉ាងរឹងមាំ ក្នុងការជំរុញវិទ្យាល័យពេជ្រចិន្ដា ក្លាយជាវិទ្យាល័យឌីជីថលឈានមុខគេនៅកម្ពុជា ដោយភាពជឿជាក់លើ បទពិសោធន៍ជិត ២០ឆ្នាំក្នុងវិស័យអប់រំ និងក្រុមការងារបច្ចេកទេសបទពិសោធន៍ ជាមួយបច្ចេកវិទ្យាទំនើបទាំងក្នុងនិងក្រៅប្រទេស។ លោកបន្ថែមថាវិទ្យាល័យពេជ្រចិន្ដា ជាសាលាមានការប្តេជ្ញាចិត្តដ៏រឹងមាំ ជាពិសេស ការគ្រប់គ្រងរដ្ឋបាលសាលារៀនបានល្អ ជាមួយនឹងការអភិវឌ្ឍប្រកបដោយ ចក្ខុវិស័យច្បាស់លាស់៕